ព័ត៌មានជាតិ

ផឹកស៊ីច្រៀងលឺៗ កាប់របួសធ្ងន់២នាក់!

ភ្នំពេញ: កម្មករសំណង់មួយក្រុមបានឈប់សម្រាកពីការងារ ជួបជុំគ្នាផឹកស៊ីច្រៀងខារ៉ាអូខេចប់ ពេលជូនបងប្អូនទៅផ្ទះជួល ត្រូវជនដៃដល់ចាំកាប់រងរបួសធ្ងន់២នាក់។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅផ្ទះជួល ភូមិព្រៃពព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ឈ្មោះ ងឹម វណ្ណ: ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ផ្ទះជួលនៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិធន់មន់ ឃុំបារ៉ាយ ក្រុងដូនកែវ ខេត្តតាកែវ របួសរយះដៃខាងស្តាំជាច្រើនកន្លែង និងជនរងគ្រោះទី២ឈ្មោះ ងឹម សុខគីម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ និងស្រុកកំណើតជាមួយគ្នា។

តាមប្រភពព័ត៌មានជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានឈប់សម្រាកការងារពីរបីថ្ងៃ បន្ទាប់មកជនរងគ្រោះបាននាំមិត្តភក្តិ និងប្អូនខ្លួនមកផឹកស៊ីនៅផ្ទះជួល ដោយផឹកស៊ីមានគ្នា៦នាក់ បងប្អូនបង្កើត៣នាក់ និងមិត្តរួមការងារចំនួន៣នាក់ ដោយផឹកស៊ីតាំងពីក្បាលព្រលប់ លុះនៅវេលាម៉ោង៩យប់ ម្ចាស់ផ្ទះបានមកឃាត់ឲ្យឈប់ច្រៀងដល់ម៉ោងសម្រាក ហើយនៅពេលនោះមិត្តភក្តិជនរងគ្រោះ៣នាក់ដែលផឹកស៊ីជាមួយគ្នា បានទៅបន្ទប់ជួលដែលនៅជិតកន្លែងកើតហេតុរៀងខ្លួន នៅសល់៣នាក់បងប្អូនដោយប្អូនម្នាក់នៅផ្ទះជួលឆ្ងាយពីគ្នា ។

បន្ទាប់មក៣នាក់បងប្អូនបានជូនប្អូនប្រុសម្នាក់ទៅបន្ទប់ជួល នៅជិតផ្ទះជួលកើតហេតុខាងលើ ហើយពេលជូនប្អូនទៅបន្ទប់ជួល ដោយបានប្រើពាក្យសម្ដីនិយាយថា «ចុះគេផឹកស៊ីដល់យប់បាន ចុះអញផឹកស៊ីដល់យប់អត់បានហ៊ា» លុះបន្ទាប់មកបាននាំប្អូនចេញផុតពីរបងផ្ទះជួល ស្រាប់តែមានជនបង្កមានគ្នា៥ទៅ៦នាក់បានចាំនៅមុខច្រករបងផ្ទះជួលដោយមានដំបងទីបនិងកាំបិតបុ័ងតោកាប់ វាយទៅលើជនរងគ្រោះទាំង៣នាក់បងប្អូន បណ្តាលឲ្យរងរបួសធ្ងន់២នាក់បងប្អូន និងម្នាក់ទៀតមិនមានរងគ្រោះឡើយ ដោយរត់គេចផុត ។

បន្ទាប់មកជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានបងប្អូនទៅសង្គ្រោះនៅពេទ្យឯកជននៅជិតកន្លែងកើតហេតុដែរតែពេទ្យមិនហ៊ានមើលដោយសាររយះជ្រៅពេក បន្ទាប់មកទៀតបងប្អូន និងក្រុមគ្រួសារបានបញ្ជូនទៅកាន់ មន្ទីរពេទ្យព្រះកុសុម:ដើម្បីព្យាបាល។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ទើបមកពីព្យាបាលវិញបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់