ព័ត៌មានជាតិ

ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ត្រូវបានចាប់ខ្លួននៅក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: លោក ធិន ស៊ិនដេត អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលវរការពារព្រំដែន៨៩១បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៨ខែមករា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិ ប៉ោយប៉ែត សងា្កត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងបានដកហូតវត្ថុតាងថ្នាំញៀន៤ថង់ ព្រមទាំងសម្ភារ:មួយចំនួន បញ្ជូនឲ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចាត់ការបន្ត។

ជនសង្ស័យដែលឃាត់ខ្លួនមាន១- ឈ្មោះ ឡី ឡូញ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់និងក្រុងប៉ោយប៉ែត និង២-ឈ្មោះ ផុន ភីន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់និង ក្រុងប៉ោយប៉ែត ក្នុងយុទ្ធនាការបង្ក្រាបនោះកម្លាំងប៉ុស្តិ៍ដកហូតបានវត្ថុតាងមាន១ – ម្សៅសក្រាមពណ៌សថ្លាចំនួន៣កូនថង់តូច និង១កូនថង់ធំ សរុប៤ថង់ ដែកកេះចំនួន៧ ទូរសព្ទចំនួន៤គ្រឿង បំពង់កែវឡតចំនួន២ ប្រដាបកៀថ្នាំចំនួន២ ការបូបចំនួន៤ បំពង់បឺតមួយចំនួន ពិលបត់ចំនួន១ កន្ត្រៃច្រិបចំនួន១ ស្កុតចំនួនមួយដុំ ថង់មាត់កឹបសំរាប់ច្រកថ្នាំញៀនមួយចំនួន។
សមត្ថកិច្ចជំនាញកំពុងកសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

មតិយោបល់