ព័ត៌មានជាតិ

ឃាត់ខ្លួនសន្តិសុខយាមនៅភោជនីយ៏ដ្ឋាន ហ្វូលមូន ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ: កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួចម៉ូតូ និងទូរសព្ទដៃ ប្រព្រឹត្តថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១និង៥០នាទី នៅចំណុចភោជនីយ៏ដ្ឋាន ហ្វូលមូនដែលមានទីតាំងដីឡូត៍លេខ ២៥ ផ្លូវលេខ២២៥ ក្រុម ទី១០ ភូមិ ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សេន ដូច ហៅ ដូច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ សន្តិសុខ យាមកង់-ម៉ូតូ នៅភោជនីយ៏ដ្ឋាន ហ្វូលមូន ស្នាក់នៅបណ្ដោះអាសន្ន ភោជនីយ៏ដ្ឋាន ហ្វូលមូន ដែលមានទីតាំងដីឡូត៍លេខ ២៥ ផ្លូវលេខ២២៥ ក្រុមទី១០ ភូមិ ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាក Honda Wave ១០០ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-6314(ចាប់ពីយកឈ្មោះ សេន ដូច ជារបស់ជនរងគ្រោះ) បានធ្វើការ ប្រគល់ឲ្យជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ គី ណូរ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខE១៥ ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក Honda Wave ១០០ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-6314 មកផឹកស៊ី នៅភោជនីយ៏ដ្ឋាន ហ្វូលមូន តែម្នាក់ឯង លុះពេលមកដល់ជនរងគ្រោះក៏បានអង្គុយផឹកស្រាបៀរអាន់ឆ័រ តែឯងហើយក៏បានហៅជនសង្ស័យមកផឹកជាមួយ លុះរហូតដល់ម៉ោង១ ឆ្លៀតពេលដែលជនរងគ្រោះមានសភាព ស្រវឹងស្រា បានទុកកូនសោម៉ូតូខាងលើ និងទូរសព្ទដៃមួយគ្រឿងម៉ាក Samsung Not 3 នៅលើតុ ស្រាប់តែជនសង្ស័យធ្វើសកម្មភាព លួចម៉ូតូ និងទូរសព្ទដៃ របស់ជនរងគ្រោះហើយគេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ឲ្យសមត្ថកិច្ចយើងជួយស្រាវជ្រាវ ចាប់ជនល្មើស លុះមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១១និង៥០នាទី សមត្ថកិច្ចបានឃើញជនសង្ស័យនៅចំណុចខាងលើក៏ឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់តែម្ដង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់