Post News Media ព័ត៌មានជាតិ ឃាតកវាយកាប់សម...

ឃាតកវាយកាប់សម្លាប់យុវជនម្នាក់នៅស្រុកមោងឬស្សី ឃាត់ខ្លួនបានហើយ!..

ភ្នំពេញ: ជនសង្ស័យ៣នាក់ ដែលជាឃាតកវាយកាប់សម្លាប់យុវជនម្នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ណែម ភា ភេទប្រុស អាយុ២៧ឆ្នាំ។

ជនសង្ស័យទាំង៣នាក់ទី១ឈ្មោះ ជីប ធឺន ហៅជៀប ធឿន ភេទប្រុស អាយុ២២ឆ្នាំ ទី២ឈ្មោះ សាយ សឹង្ហ ភេទប្រុស អាយុ១៨ឆ្នាំ និងទី៣ឈ្មោះ វង្ស វី ភេទប្រុស អាយុ១៨ឆ្នាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា គឺដោយសារជនរងគ្រោះជិះម៉ូតូសម្លឹងមើលមុខបក្ខពួកខ្លួន ហើយជនរងគ្រោះបានចុះមកវាយពួកខ្លួនមុន ទើបពួកខ្លួនវាយ និងកាប់ជនរងគ្រោះបណ្តាលរបួសធ្ងន់ រហូតដល់ស្លាប់តែម្តង។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខេត្ដបាត់ដំបង មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនល្មើសមិនស្គាល់មុខ១ក្រុម ដែលមានគ្នាចាប់ពី ៥នាក់ ទៅ ៧នាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ កាំបិតប៉័ងតោ កាំបិតខ្វែវ និងចបជីកដងដែក បានធ្វើសកម្មភាពវាយ និងកាប់ទៅលើដៃគូទំនាស់១ក្រុមផ្សេងទៀត ដែលមានគ្នា៥នាក់ បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងនិង ២នាក់ទៀតរងរបួស៕

Loading...