ព័ត៌មានជាតិ

Update៖ ម្ដាយឪពុក​រៀបចំពិធីឡើងផ្ទះ ​តែអកុសល​​ធ្វើបុណ្យសពកូនទៅវិញ

ភ្នំពេញ: បុរសម្នាក់ជានិស្សិតឆ្នាំទី៣ បើករថយន្ដវ៉ាជែងជាមួយរថយន្ដផ្សេងទៀត ក្នុងល្បឿនលឿន ​ ​ជ្រុលទៅបុកក្មេងប្រុសម្នាក់បម្រុងទៅផ្ទះដើម្បីរៀបចំពីធីឡើងផ្ទះ បណ្តាលឲ្យ​ស្លាប់ភា្លមៗ​ ​ ​កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវបេតុងព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្មេងប្រុសរងគ្រោះមានឈ្មោះ ម៉ុន ប៊ុនហេង អាយុ៩ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ ​រីឯជនបង្កមានឈ្មោះ ស៊ុយ សារ៉ាក់ អាយុ២១ ឆ្នាំមុខរបរនិស្សិតឆ្នាំទី៣ មានទីលំនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្ដកំពត។

​ប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេ​ឃើញ រថយន្ដមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ​ពាក់ស្លាកលេខ 2AQ-7081 បើកបរតែម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន រួចវ៉ាជាមួយរថយន្ដមួយគ្រឿងទៀតមិនចាំម៉ាក ក៏ជ្រុលចង្កូតទៅបុកក្មេងប្រុសដែលដើរឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​។ ចំណែកម្ចាស់រថយន្ដ​បង្កបានចុះពីរថយន្ដរត់គេចខ្លួន តែត្រូវ​កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ព្រៃវែង ​​ឃាត់ខ្លួនយកមកធ្វើការសាកសួរ។

បច្ចុប្បន្ន ជនបង្កត្រូវសមត្ថកិច្ចប្រគល់ទាំងរថយន្ដ ទៅឲ្យកម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។ ចំណែកក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅតម្កល់ នៅវត្ដអង្គមេត្រី ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់