ព័ត៌មានជាតិ

កុំស្មានថាមិនដឹង! នារីខារ៉ាអូខេម្នាក់ ជិះម៉ូតូលាក់គ្រឿងញៀន១កញ្ចប់ធំក្រោមកែប អស់លក្ខណ៍ឆែកឃើញដដែល!

ភ្នំពេញ: ស្ត្រីរក្សាទុកគ្រឿងញៀន១កញ្ចប់ធំ ដាក់ក្នុងប្រអប់មួយលាក់ ក្រោមកែបម៉ូតូ ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលស្រះចកឆែកឆេររកឃើញនិងឃាត់ខ្លួន យកមកសួរនាំនៅប៉ុស្តិ៍។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវR6(ផ្លូវរថភ្លើងបឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ម៉ែន ចាន់ធឿន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរធ្វើការនៅខារ៉ាអូខេ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាកម្លាំងប៉ុស្តិ៍បានចេញ ការពារក្នុងមូលដ្ឋាន លុះល្បាតមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យម្នាក់ភេទស្រីនេះ ជិះម៉ូតូម៉ាក់ធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CJ-5892 ដោយសង្ស័យកម្លាំងល្បាតក៏បានហៅឃាត់សួរនាំនិងឆេកឆេរ រកឃើញគ្រឿងញៀនចំនួន១កញ្ចប់ធំ ដាក់ក្នុងប្រអប់មួយលាក់ក្រោមកែបម៉ូតូ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរនាំ កត់កំណត់ហេតុកសាងសុំណុំរឿងបញ្ជូនខ្លួនឡើងតុលាការ។

មតិយោបល់