ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីកាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត(ដាក់ដាវនិងស្នាប់ដៃតាមខ្លួន)។
ការចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៨ នៅចំណុចតាមផ្លូវសហពន្ធ័រុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ផាន រស្មី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ(គ្មានសារធាតុញៀន) និងទី២ឈ្មោះ សុខ វ៉ាន់ដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ(មានសារធាតុញៀន) ។
ក្នុងនោះដកហូតសម្ភារ: ម៉ូតូចំនួន១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Q-7241,ដាវកែច្នៃចំនួន១ដើម និងស្នាប់ដៃចំនួន១។

មុនពេលឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានលុះមកដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន២នាក់កំពុងជិះម៉ូតូ១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតបាន ហៅជនសង្ស័យឲ្យឈប់ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើនៅជាប់ខ្លួនជនសង្ស័យទាំង២នាក់ រួចកម្លាំងនគរបាលបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តនៅពេលក្រោយ៕

មតិយោបល់