ព័ត៌មានជាតិ

ឡិចស៊ីសបើកដោយជនជាតិកូរ៉េ ពន្លះម៉ូតូវ៉េវ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡិចស៊ីស បានបុកជាមួយម៉ូតវ៉េវ ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៨អា ចន្លោះគីឡូម៉ែត្រ​លេខ៦០-៦១ ក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

ករណីនេះ បង្កឡើងដោយរថយន្តម៉ាក ឡិចស៊ីស RX 300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2H-8103 បើកបរដោយឈ្មោះ យ៉ុន សុងហូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិកូរ៉េ ស្នាក់នៅក្នុងខណ្ឌសែនសុខ រួមដំណើរជាមួយឈ្មោះ ផាក មុនស៊ូ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិកូរ៉េ ស្នាក់នៅជាមួយគ្នា ធ្វើដំណើរក្នុងទិសដៅពីកើតមកលិច លុះមកដល់កន្លែងកើតហេតុ រថយន្តបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូម៉ាកវ៉េវអុី ពណ៌ ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1H-8287 បើកបរដោយឈ្មោះ យឹម បូរី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ កំពុងតែធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសបាក់ដៃខាងឆ្វេងនិងបាក់ជើងខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់