ព័ត៌មានជាតិ

បញ្ជូនខ្លួននិស្សិតឆ្នាំទី៣ បើកឡានបុកក្មេងស្លាប់ ទៅតុលាការ

ភ្នំពេញ: សមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នេះបានបញ្ជូនខ្លួនបុរសម្នាក់ជានិស្សិត ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចឆ្នាំទី៣ បើករថយន្ដវ៉ាជែងជាមួយរថយន្ដផ្សេងទៀតក្នុងល្បឿនលឿនមិនប្រយ័ត្នបណ្ដាលឲ្យបុកក្មេងប្រុសម្នាក់ដើរឆ្លងផ្លូវស្លាប់ភ្លាមៗ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្ដតាមនីតិវិធី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសជានិស្សិតមានឈ្មោះ ស៊ុយ សារ៉ាក់ អាយុ២១ ឆ្នាំមុខរបរ និស្សិតឆ្នាំទី៣ មានទីលំនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្ដកំពត ។ ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះ ម៉ុន ប៊ុនហេង អាយុ៩ ឆ្នាំមានទីលំនៅ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចផ្លូវបេតុងព្រៃ ស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឡើងដោយរថយន្ដមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ដែលពាក់ស្លាកលេខ 2AQ-7081 បើកបរតែម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនវ៉ាជាមួយរថយន្ដមួយគ្រឿងទៀតមិនចាំម៉ាកក៏ជ្រុលចង្កូតទៅបុកក្មេងប្រុសដែលដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ភ្លាមៗនោះម្ចាស់រថយន្ដជាជនបង្កបានចុះពីរថយន្ដរត់គេចខ្លួន ប៉ុន្ដែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែងធ្វើការឃាត់ខ្លួនយកមកធ្វើការសាកសួរតែម្ដង៕

មតិយោបល់