Post News Media ព័ត៌មានជាតិ ផ្ទុះហើយ&#823...

ផ្ទុះហើយ…! តុលាការរកឃើញមូលហេតុ អ្នក​ទោស​ស្លាប់ក្នុង​ពន្ធនាគារ​ ពុំ​មែន​ជា​ការ​លោត​ពី​លើស៊ីទែន​ទឹក​សម្លាប់ខ្លួន​​

កណ្តាល: មន្ត្រី​តុលាការ​ បានប្រាប់ឲ្យដឹងថា តុលាការរកឃើញមូលហេតុហើយ ក្រោយ​ការ​ស៊ើបអង្កេត​ជា​បន្តបន្ទាប់​ និង​ សាកសួរ​ ប្រមូល​ភស្តុតាង​ សព្វគ្រប់​ហើយ​ លទ្ធផល​បង្ហាញ​ថា​ ការ​ស្លាប់​អ្នក​ទោស​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល​ ពុំ​មែន​ជា​ការ​លោត​ពី​លើស៊ីទែន​ទឹក​ស្លាប់​ខ្លួន​​ ដូច​របាយការណ៍​របស់​ប្រធាន​ពន្ធនាគារ​ទេ​ គឺ​ ជា​ការ​វាយតប់​គ្នា​រវាង​អ្នក​ទោស​និង​អ្នក​ទោស​ដែល​បណ្ដាល​ឲ្យ​អ្នក​ទោស​ម្នាក់​ស្លាប់​ ។

មន្ត្រីតុលាការបានប្រាប់ឲ្យដឹងទៀតថា លោក​ ចាត​ ស៊ីនាង​ ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល​ ពុំ​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ ចោទប្រកាន់​ទេ​ ដោយសារ​ពុំ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ ខណ:​អ្នក​ទោស​១២នាក់​ ត្រូវ​បាន​ចោទប្រកាន់​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ករណី​វាយតប់​គ្នា​រហូត​ដល់​ស្លាប់​អ្នក​ទោស​ម្នាក់​ក្នុង​ពន្ធនាគារ​ ។ មជ្ឈដ្ឋាន​មួយចំនួន​ រិះគន់​អំពីការ​គ្រប់គ្រង​អ្នក​ទោស​ ដែល​ធ្វើឲ្យ​កើត​មាន​បាតុភាព​អាក្រក់​នេះ​កើត​ឡើង​ ។

ទោះបី​យ៉ាងណា​ លោក​ ចាត​ ស៊ីនាង​ ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល​ ពុំ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ទេ​ ព្រោះ​ពុំ​មាន​ការ​ជាប់​ពាក់ព័ន្ធ​។

មន្ត្រី​តុលាការ​ បញ្ជាក់ថា: អ្នក​ទោស​១២នាក់​ ត្រូវបាន​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ ចោទប្រកាន់​ពីបទ​ផ្តើម​គំនិត​ សមគំនិត​ បទ​ហិង្សា​ដោយ​ចេតនា​ និង​ បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​ តាម​មាត្រា​២៨​ មាត្រា​២៩​ មាត្រា​២១៧​ និង​ មាត្រា​២២៤​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

បច្ចុប្បន្ន​សំណុំរឿង​ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​។

ជនត្រូវចោទឈ្មោះ​ មុត​ ​លីណាន​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជាប់ចោទពីបទ«ធ្វើឲ្យខូចខាតដោយចេតនា»ប្រព្រឹត្តនៅភូមិទេពអរជូន​ ឃុំកោះខែល​ ស្រុកស្អាង​ កាលពីថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៧​ តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ។​ ជននេះ​ ត្រូវបានលោក​ គឹម​ ម៉េង​ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល​ ឃុំខ្លួននៅថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៧​ ។

កាលពីចុងខែធ្នូ​ ឆ្នាំ២០១៧​ ជននេះបានលោតសម្លាប់ខ្លួនពីស៊ីទែនផ្ទុកទឹកដ៏ធំក្នុងពន្ធនាគារ​ ដែលអ្នកដឹងរឿងច្បាស់អះអាងថា​ មិនមែនជាករណីលោតសម្លាប់ខ្លួនទេ​ គឺជាករណីវាយតប់គ្នាក្នុងពន្ធនាគារ​ ។

លោក​ ណុស​ បូផល​ មេធាវីតំណាងម្តាយសពជនរងគ្រោះ​ថ្លែងថា​ កាលដែលម្តាយប្តឹងចូលតុលាការ​ គឺ​ ចង់ឲ្យតុលាការស្វែងរកការពិតក្នុងករណីនេះ​ ដែលម្តាយនៃសពអះអាង​ ថា​សពកូនប្រុសមានស្លាកស្នាមច្រើនដែលមិនទំនងជាការលោតសម្លាប់ខ្លួននោះទេ​ ។

លោក​ ចាត​ ស៊ីនាង​ ប្រធានពន្ធនាគាខេត្តកណ្តាល​ បដិសេធថា​ នេះពុំមែនជាករណីវាយតប់គ្នារហូតដល់ស្លាប់ទេ​ គឺ​ អ្នកទោសលោតសម្លាប់ខ្លួនឯង​៕

Loading...