ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញ បញ្ជូនខ្លួននគរបាលជំនាញបាញ់ ទៅតុលាការចាត់ការតាមជំនាញ រឿងបាញ់ខុសបច្ចេកទេស ធ្វើឱ្យពលរដ្ឋស្លាប់

ភ្នំពេញ: ទីបំផុតទៅ ទាល់តែមាន បញ្ជាផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបនគរបាល ដែលបាញ់ពលរដ្ឋស្លាប់ នៅខណ្ឌពោធិ៍សែនជ័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌនៃស្នងការរាជធានីភ្នំពេញ ចាប់បាន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២៣ ខែកមរា ឆ្នាំ២០១៨នេះ។

យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ ជានគរបាល មានឈ្មោះ ចន វិរ: មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ត្រី (ស័ក្តិ១) ផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោះមានឈ្មោះ សៀក រ៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅក្បែរផ្សារកាណាស៊ីធី មានស្រុកកំណើតនៅ ខេត្តកំពង់ស្ពឺ។

គួររំឭកថា កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨កន្លងទៅ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាបបនល្បែង ជល់មាន់ បៀ និងអាប៉ោង ដ៏ធំដុះស្លែប្រចាំខណ្ឌ នៅចំណុចដីឡូតិ៍គ្មានលេខ ខាងក្រោយផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

នៅក្នុងប្រតិបត្តិការ ដេញចាប់អ្នកលេងល្បែងនោះ កម្លាំងសមត្ថកិច្ច ប្រើហេតុផលថា ខ្លាចអ្នកជល់មាន់ មានអាវុធ ទើបបាញ់មេឃគំរាម មនុស្សខូច តែមិនចំមេឃ បែរជាចំពលរដ្ឋស្លូតត្រង់បណ្តាលស្លាប់នៅនឹងកន្លែងទៅវិញ៕

មតិយោបល់