Post News Media ព័ត៌មានជាតិ ហ៊ីយ៉ាន់ដាយ ប...

ហ៊ីយ៉ាន់ដាយ បោះពួយទៅបុកពីក្រោយរថយន្តបែនដឹកថ្ម ខ្ទេចមុខខ្លួនឯង!

ភ្នំពេញ: រថយន្តយីឌុប ម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿងបានរងការខូចខាតកាប៊ីនទាំងស្រុង បន្ទាប់ពីបានបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកពីក្រោយរថយន្តបែនដឹកថ្ម១គ្រឿងទៀតពេញទំហឹង រួចជ្រុលឡើងទៅលើខឿនសួនច្បារពុះចែកទ្រូងផ្លូវ។

ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅតាមផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចផ្លូវរថភ្លើងឆ្លងកាត់នៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តដែលបើកបុកគេពីក្រោយនោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ3A-1539 អ្នកបើកបរនិងព្រូមិនត្រូវបានគេស្គាល់ឈ្មោះឡើយ។ចំណែករថយន្តដឹកថ្មជាប្រភេទរថយន្តបែនទម្ងន់៥តោន រងការខូចខាតបន្តិចបន្តួចនិងបានបើកបន្តដំណើរទៅមុខបាត់ស្រមោល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំង២គ្រឿងបានបើកបរស្របគ្នាក្នុងទិសដៅពីត្បូងទៅជើងដោយរថយន្តបែនដឹកដីបើកមុខ ចំណែករថយន្តហ៊ីយ៉ាន់ដាយយីឌុបបើកក្រោយ។ប៉ុន្តែដាច់ឆ្ងាយពីគ្នាប្រហែលជាង១គីឡូម៉ែត្រ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មានរថភ្លើងខ្សែក្នុងទិសដៅពីកើតទៅលិច ហើយខាងបុគ្គលិករាជាយស្ម័យយានដែលប្រចាំការនៅទីនោះបានបិទប៉ារ៉ាស់ការពារមិនឲ្យមានការឆ្លងកាត់។

ប្រភពដដែលបានបន្តទៀតថា ពេលនោះរថយន្តបែនដឹកថ្មបានឈប់រង់ចាំរថភ្លើងឆ្លងកាត់ ហើយក្រោយពេលកំពុងឈប់ស្រាប់តែរថយន្តហ៊ីយ៉ាន់ដាយយីឌុបនោះបានទៅដល់ល្មម ។ពេលនោះមិនដឹងថាអ្នកបើបររវល់តែងាកទៅណាឡើយ ក៏បានបុកពីក្រោយរថយន្តបែនដឹកថ្មពេញទំហឹងនិងបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវថែមទៀត បណ្ដាលឲ្យកំពិតកាប៊ីនខ្លួនឯងរងការខូចខាតទាំងស្រុង ប៉ុន្តែសំណាងណាស់ដែលអ្នកបើកបរនិងព្រូមិនមានរបួសធ្ងន់ធ្ងរហើយបាននាំគ្នារត់គេចខ្លួនចោលរថយន្ត។

ក្រោយពេលកើតហេតុនគរបាលប៉ុស្ដិ៍សំរោងក្រោមបានចុះទៅកាន់ទីនោះ និងបានរាយការណ៍ជូននគរបាលចរាចរខណ្ឌពោធិ៍សែនជ័យដើម្បីចុះទៅនាំយករថយន្តទៅរក្សាទុករង់ចាំប្រគល់ឲ្យម្ចាស់ធ្វើការជួលជុលឡើងវិញ៕

Loading...