ភ្នំពេញ: រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនLTC រេចង្កូតបុកចូលស្នាក់ការសន្តិសុខរបស់ក្រុមហ៊ុន លីតាក់ សិប្បកម្មផលិតស័ង្កសី និងថ្មម៉ាប បណ្តាលឲ្យបាក់របងក្រុមហ៊ុន១ដើម និងខ្ទេចស្នាក់ការសន្តិសុខស្ទើរទាំងស្រុង ព្រមទាំងខូចខាតបង្គោល បង្ហាញល្បឿនចរាចរណ៍ ដែលនៅក្បែរនោះមួយដើម។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅមុខក្រុមហ៊ុនលីតាក់ផលិតស័ង្កសី និងថ្មម៉ាប នៅតាមបណ្តោយផ្លូវ៥៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 3A-0774។ នៅក្នុងរថយន្ត សមត្ថកិច្ចរកឃើញប័ណ្ណបើកបរ ដែលមានឈ្មោះ ហេង ប៊ុនថា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសន្តិសុខឈ្មោះ ហ៊ី យឿន ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលនៅយាមកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានអង្គុយនៅក្នុងស្នាក់ការយាម របស់ក្រុមហ៊ុនខាងលើ ស្រាប់តែឃើញរថយន្តបង្កបើកតាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីត្បូងមកជើង ហើយបានរេចង្កូត មកស្តាំដៃជ្រុលមកបុកស្នាក់ការ ដែលគាត់កំពុងយាម ខណ:នោះគាត់បានរត់គេចខ្លួនទាន់ ក្រោយពីបុករួចគាត់ក្រឡេកទៅមើលលើរថយន្តបង្កនោះ មិនឃើញមានមនុស្សនោះទេ(គេចខ្លួនបាត់)។
ក្រោយកើតហេតុ រថយន្តបង្កត្រូវសមត្ថកិច្ចធ្វើការវាស់វែង និងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយនៅពេលក្រោយ៕
មតិយោបល់