ព័ត៌មានជាតិ

ខ្ចីលុយស្រួលដល់ពេលទារវិញពិបាក កើតជាហិង្សា ចូលប៉ុស្តិ៍ទាំង២នាក់

ភ្នំពេញ: ស្ត្រី២នាក់ទំនាស់ពាក្យសម្តីគ្នារឿងទៅទារលុយចងការ (លុយរាប់ប្រចាំថ្ងៃ) ក្លាយជាការប្រើហិង្សាដាក់គ្នាទៅវិញទៅមករងរបួសសងខាង។

ហេតុការណ៍កើតឡើងកាលពីម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នរំពេញ ហូតដល់រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចហៅភាគីសងខាងមកកាន់ប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។
ភាគីទី១មាន ឈ្មោះ ឡ.ស.ព អាយុ២០ឆ្នាំ មុខរបរ បម្រើការKTV ស្នាក់នៅខណ្ឌសែនសុខ (រងរបួសកដៃខាងឆ្វេងនិងកំពួនជើងខាងស្តាំនិងថ្ពាល់ខាងឆ្វេងដោយសារផ្លែលាមសរុបពេទ្យដេរចំនួន៣០ថ្នេរ)។

ភាគីទី២មានឈ្មោះ ស.ណ អាយុ៣៧ឆ្នាំ មុខរបរ បម្រើការKTV ស្នាក់នៅខណ្ឌសែនសុខ មានស្រុកកំណើតខេត្តកំពត (របួសថ្ពាល់ខាងស្តាំដោយសារក្រចក)។

ប្រភពពីភាគីទី២បានប្រាប់សមត្ថកិច្ចថា ខ្លួនជាអ្នកចងការលុយរាប់ប្រចាំថ្ងៃដោយនៅមុនកើតហេតុគាត់ទៅទារលុយពីភាគីទី១ បន្ទប់ជាប់គ្នា ខណ:នោះក៏មានទំនាស់ពាក្យសម្តីគ្នា តឹងសរសៃកដាក់គ្នា ក្រោយមកក៏ឈានដល់ការប្រើហិង្សាទៅវិញទៅមកតែម្តង បណ្តាលឲ្យមានរងរបួសរៀងៗខ្លួន។
តាមភាគីទី១បានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុភាគីទី២បានទារលុយគាត់ ពេលនោះគាត់បានប្រាប់ថា ថ្ងៃនេះមិនមានលុយឲ្យទេ រង់ចាំស្អែកឲ្យចំនួន២ថ្ងៃឌុបតែម្តង (លុយខ្ចី៤០ម៉ឺនរាប់ឲ្យមួយថ្ងៃ២ម៉ឺន រយ:ពេល២៤ថ្ងៃទើបអស់) ក្រោយពីប្រាប់ អ៊ីចឹងហើយភាគីទី២ដៀលត្មិះគាត់ដោយពាក្យអសុរសក៏ក្លាយជាទំនាស់ហិង្សាតែម្តង។

ក្រោយហេតុការណ៍កើតឡើងគាត់បានទៅពេទ្យដេររបួសហើយបានមកប៉ុស្តិ៍ដាក់ពាក្យបណ្តឹងរហូតដល់រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានហៅមកសាកសួរតែម្តង។ ក្នុងហេតុការណ៍បង្ករបួសខាងលើនេះភាគីទី១ បានប្តឹងទាមទារជំងឺចិត្តទៅលើភាគីទី១ចំនួន ១០០០ដុល្លាផង។

បច្ចុប្បន្នភាគីសងខាងត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លានៅឡើយ៕

មតិយោបល់