ព័ត៌មានជាតិ

ចោរឆក់ម្នាក់ អស់លក្ខណ៍ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន!

ព្រះសីហនុ: នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី ស្ថិតនៅចំណុចផ្លូវកែង ក្នុងភូមិ៣ សង្កាត់៤ ក្រុង
ព្រះសីហនុ ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ ) មួយកើតឡើង ដោយមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក ធ្វើសកម្មភាពឆក់ជនរងគ្រោះ​​កំពុងជិះម៉ូតូមួយគ្រឿងគ្នា២នាក់ រួចរត់គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មាននេះ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត​​ បានចង្អុលដឹកនាំ បញ្ជាឲ្យកម្លាំងជំនាញបើកការសើុបអង្កេតចាប់ខ្លួនជនសង្ស័យឲ្យបាន។ ​

លុះនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាចកម្លាំងការិយាល័យជំនាញផែនព្រហ្មទណ្ឌ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានធ្វើការបង្ក្រាបចាប់ខ្លួនជនសង្ស័យបាន ឈ្មោះ លី ប្រាថ្នា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិទំនប់រលក ឃំុទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ចំណែកជនរងគ្រោះឈ្មោះ សុន ធា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅ ភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពុងត្រាច ខេត្តកំពត ។

សម្ភារ:បាត់បង់រួមមាន កាបូប១ពណ៌ខៀវ, ខ្សែកមាស ៣ខ្សែ ស្មើ៣តម្លឹង,លុយ ៦,៥០០,០០០ រៀល ។

វត្ថុតាងចាប់យកបានរួមមាន ៖ លុយ ២,០០០,០០០ រៀល ( ពីរលានរៀល ), ខ្សែកលោហ:ធាតុ ពណ៌លឿង ២ខ្សែ (ពីរខ្សែ), ម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ឡើងតែម ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1B-8654 ដោះទុកក្រោមកែបម៉ូតូ (មធ្យោបាយធ្វើសកម្មភាព) ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងសាកសួរតាមនីតិវិធី និងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់