ព័ត៌មានជាតិ

សមត្ថកិច្ចឆ្មក់បង្ក្រាបម៉ាស្សាកោសជប់766 លួចបើកបម្រើសេវាផ្លូវភេទ ទាំងយប់!

​ភ្នំពេញ: កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ បាន​សហ​ការ​ជាមួយ​កម្លាំងការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​សំណាក់​កម្លាំង​នគរបាល​ប៉ុស្តិ៍បឹងកេងកង២ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចម្ការមន​ ដឹកនាំនិង​សម្របសម្រួល​ដោយ​ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់ មួយ​កន្លែង​ទាំង​យប់ ក្រោយ​ពេល​ស្រាវជ្រាវ​ដឹង​ថា ទីតាំង​មួយ​នេះ​មាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៨និង៥នាទីយប់ ថ្ងៃទី២៤ ខែមករា​ ឆ្នាំ២០១៨ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧៨ ផ្ទះលេខ៤៦B ស្ថិត​នៅ​សង្កាត់​បឹងកេងកង​២ ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ​។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំ​​នួន​៦​នាក់ នាំ​យក​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ​ទាំង​យប់ ដើម្បី​ធ្វើការសាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៦នាក់​នោះ មាន​ម្នាក់​គឺជា​ម្ចាស់​ទីតាំង​ហាង​ម៉ាស្សា​កោស​ជប់​ខាងលើ ​មិនទាន់ស្គាល់អត្តសញ្ញណ ភេទប្រុស ។ និង​នារី​ចំនួន​២នាក់​ទៀត​ គឺជា​អ្នកបម្រើ​សេវា​ម៉ាស្សា​កោស​ជប់ និង​បម្រើ​ផ្លូវភេទ​ផង​សុំ​មិន​បញ្ចេញ​ឈ្មោះ ហើយ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ដល់​៣០​ឆ្នាំ សុទ្ធតែជាជនជាតិវៀតណាម ក្រៅពី​នេះ​ក៏​មានការ​ដកហូត​សៀវភៅ​កត់ត្រា​ចំនួនភ្ញៀវ និង​ថ្ងៃ​ធ្វើការ​របស់​ពួក​នាង​ៗ​ទាំងនោះ​មួយ​ចំនួន​ថែម​ទៀត​ផង​ដែរ​។ ចំណែកបុរស២នាក់ទៀត សុទ្ធតែជាភ្ញៀវបានដោះលែងឲ្យរួចខ្លួនវិញ។

បច្ចុប្បន្នមនុស្សទាំង៦នាក់ខាងលើ ត្រូវបាននាំ​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ ដើម្បី​សួរនាំ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕

មតិយោបល់