Post News Media ព័ត៌មានជាតិ ជនរងគ្រោះថា«ជ...

ជនរងគ្រោះថា«ជាចោរឆក់ ទូរសព្ទដៃកូនស្រីគាត់» តែបងស្រីជនសង្ស័យថា «វាទើបតែចេញពីផ្ទះមិញទេ»!

ភ្នំពេញ: សមត្ថកិច្ចខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទឆក់ទូរសព្ទដៃពីក្មេងស្រីម្នាក់បានសម្រេច រួចបានគេចខ្លួនបាត់ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្បែរមន្ទីពេទ្យវិសាលសុខ តាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លុះមកដល់វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃដដែល ឪពុកជនរងគ្រោះបានឃើញជនសង្ស័យទាំង២នាក់ កំពុងជិះម៉ូតូមួយគ្រឿង តាមបណ្តោយផ្លូវមុនីរ៉េត ទិសដៅពីកើតទៅលិច ហើយបានស្រែកថាចោរៗ ខណ:នោះជនសង្សយ័បានជិះម៉ូតូមកដល់ចំណុចមុខផ្ទះលក់សម្ភារ: តុបតែង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក៏ប្រទះនឹងកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌទួលគោក កំពុងដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងពង្រឹងច្បាប់ចរាចរណ៍ឃើញក៏ឃាត់ខ្លួនបានភ្លាមៗ។

ជនសង្ស័យទី១ មានឈ្មោះ ម៉ៅ ចាន់វីរ:កា ភេទប្រុស អាយុ​៣១ឆ្នាំ មុខរបរជាងធ្វើចង្កៀងរថយន្ត ស្នាក់នៅក្រោយមជ្ឈមណ្ឌលម៉ុង់ឌីយ៉ាល់ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងជនសង្ស័យទី២ មានឈ្មោះ នាង សុផានិត ហៅម៉ាប់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជួយលក់ដូរប៉ានៅផ្ទះ ស្នាក់ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមសម្តីឪពុកក្មេងស្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុនៅវេលាម៉ោងប្រមាណជា៥ល្ងាច កូនស្រីរបស់អាយុប្រមាណជា៦ឆ្នាំ បានអង្គុយលេងនិងកាន់ទូសព្ទមួយគ្រឿងម៉ាកសាមសុងអ៉ិច នៅនិងចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះកូនទាមួយគ្រឿង គ្មានស្លាកលេខ បានជិះមកអែបនឹងកូនស្រីរបស់គាត់ហើយបានឆក់យកទូរសព្ទដៃ ដែលកូនគាត់កំពុងកាន់ជាប់នឹងដៃបានសម្រេច រួចបានជិះគេចខ្លួនបាត់ស្រមោល។

លុះមកដល់វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃដដែល រូបគាត់ជាឪពុកជនរងគ្រោះបានឃើញជនសង្ស័យកំពុងជិះម៉ូតូនៅតាមដងផ្លូវបានស្រែកថាចោរៗ គាប់ជួនពេលដែលកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកកំពុងដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងឃើញបានឃាត់ខ្លួនភ្លាមៗដែរ។

តាមប្រភពពីបងស្រីជនសង្សយ័ម្នាក់ក្នុងចំណោម២នាក់មានឈ្មោះ នាង សុផានិត បានប្រាប់ឲ្យដឹងថាប្អូនប្រុសរបស់គាត់ក្នុងរយ:ពេលមួយថ្ងៃនិងមិនចេញទៅណានោះទេជាប់នៅលេងបៀរក្នុងផ្ទះរហូត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ័នគរបាលរដ្ឋបាលសង្កាត់ទួលស្វាយព្រៃទី១ ដើម្បីសួរនាបន្តនិងចាត់ការតាមនិតិវិធីច្បាប់៕

Loading...