ព័ត៌មានជាតិ

ស្ទាវ! ជិះម៉ូតូបុករថយន្តគេ គ្មានលុយសង យំផង លត់ជង្គង់លើកដៃសំពះ..

ភ្នំពេញ: កម្មករសំណង់២នាក់ជិះម៉ូឌុបគ្នា បើកម៉ូតូលឿន បានបុករថយន្ត ១គ្រឿង ស្របទិសគ្នាកំពុងបត់នៅពីមុខចំពេញទំហឹង បណ្តាលឲ្យរបួសបែកមុខបែកមាត់ទាំង២នាក់។ ចំណែករថយន្តផ្ទុះបែកកង់មុខខាងឆ្វេង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាវេលាម៉ោង ១០និង៤៥នាទីយប់​ ពីថ្ងៃទី២៥ ខែ​មករា​ ឆ្នាំ​២០១៨​នេះ នៅចំណុច​ស្តុបកែងមន្ទីរពេទ្យកាល់ម៉ែត តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង​ រវាង​ម៉ូតូ​១គ្រឿង​ ម៉ាក Nex ពណ៌សលាយខៀវ ពាក់ស្លាកលេខ​កំពង់ស្ពឺ 1F-7345 បើកបរ​ដោយ​ឈ្មោះ​ ​ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ និងម្នាក់ទៀតឈ្មោះ ​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ទាំង២នាក់រងរបួសបែកមុខបែកមាត់ (បើកបរ​ក្នុង​ល្បឿន​លឿន មិនគោរពស្តុប​ និងមិន​ពាក់​មួក​សុវត្ថិភាព​)​ លុះដល់ចំណុចខាងលើ បានបុកចំពីចំហៀងមុខផ្នែកខាងឆ្វេង រថយន្ត​ម៉ាក​ LEXUS ១គ្រឿង ​ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2W-5945 បើកបរ​ដោយបុរសចិត្តល្អម្នាក់​ អាយុ​ប្រហែល២៦ឆ្នាំ​ ។

បន្ទាប់ពីកើតហេតុភ្លាមនោះ ម្ចាស់រថយន្តបានឲ្យយុវជនទាំង២នោះ សង់ថ្លៃខូចខាត៦០០ដុល្លារ គ្រាន់តែលឺដូច្នេះភ្លាម យុវជនម្នាក់ទន់ជង្គង់ស្រក់ទឹកភ្នែក ស្រែកយំ អាណិតខ្លួនមិនដឹងបានលុយពីណាយកមកសងគេ មួយសន្ទុះក្រោយមកយុវជនម្នាក់នោះបានដើរបណ្ដើរស្រក់ទឹកភ្នែកបណ្ដើររួចក៏លោតជង្គង់ លើកដៃសំពះសូមទោស មុខម្ចាស់រថយន្តខាងលើ ដែលធ្វើឲ្យប្រជាពលរដ្ឋនិងក្រុមអ្នកសារព័ត៌មានចោមរោមយ៉ាងខ្លាំង ស្រាប់តែម្ចាស់រថយន្តមានចិត្តអាណិត ទប់អារម្មណ៍មិនបាន ក៏បាននិយាយថា បានហើយងើបឡើងមក ហើយទៅផ្ទះវិញចុះ និងបាននិយាយអប់រំណែនាំយុវជនទាំង២នាក់នោះ ជិះម៉ូតូ​ត្រូវពាក់មួកសុវត្ថិភាពនិងគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវផង កុំធ្វេសប្រហែសដូចលើកនេះទៀត។

ក្រោយកើតហេតុម្ចាស់រថយន្តបានទាក់ទងសាច់ញាតិមកកន្លែងកើតដើម្បីយកកង់រថយន្តមកផ្លាស់ និងយករថយន្តទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់