ព័ត៌មានជាតិ

ចេញពីហូបអីមុខណាហ្គា ត្រូវស្ទាវដេញវាយនិងគប់ដុំថ្ម ផ្អើលប៉ូលិសដេញចាប់ខ្លួនបាន២នាក់!

ភ្នំពេញ: ប្រុសស្រី៣នាក់ ជិះឌុបគ្នាតាមផ្លូវ ត្រូវយុវជនមួយក្រុមទៀតដេញវាយនិងយកដុំថ្មគប់ ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញ ក៏ដេញតាមឃាត់ខ្លួនជនសង្ស័យទាំង២នាក់ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០១៨ នៅចំណុចមុខតុលាការកំពូល បណ្ដោយមហាវិថីសម្ដេចសុធារស កែងផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា យុវជនប្រុសស្រី៣នាក់ បានជិះម៉ូតូ​មួយគ្រឿងឌុបគ្នា ត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែមានក្មេងស្ទាវមួយក្រុមមានគ្នា៦នាក់ ជិះមកវាយក្រុមជនរងគ្រោះ ជាហេតុធ្វើឲ្យពួកគេព្យាយាមជិះគេច ក៏ប្រទះនឹងសមត្ថកិច្ចខណ្ឌដូនពេញ កំពុងតែធ្វើការល្បាត រួចក៏ចុះអន្តរាគមន៍ដេញឃាត់ខ្លួនយុវជនទាំង២នាក់ ដែលជិះម៉ូតូ Smash V ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ 1BO-9798 ត្រូវសមត្ថកិច្ចក្របួចជាប់ដដែល រីឯបក្ខពួកជនសង្ស័យ៤នាក់ផ្សេងទៀតបានជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុជនសង្ស័យ​ទាំង២នាក់ត្រូវសមត្ថកិច្ចនាំយកទៅធ្វើការសួរនាំ នៅប៉ុស្តិ៍នគរបាលចតុមុខ ចំណែកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងជាមួយគ្នាផងដែរ៕

មតិយោបល់