ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាកាច់កម៉ូតូ និងគាស់ផ្ទះប្រជាពលរដ្ឋ នៅពេលយប់

ភ្នំពេញ: ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ជាមុខសញ្ញាកាច់កម៉ូតូ និងគាស់ផ្ទះប្រជាពលរដ្ឋនៅពេលយប់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍ទួលសង្កែទី១ ឃាត់ខ្លួនបានកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៩០៧ ចំណុចមុខការាស់សាំងតេលាក្រុម៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ជសង្ស័យទី១.ឈ្មោះ ហាយ រិទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៩ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី២ ខណ្ឌទួលឫស្សីកែវ និងទី២.ឈ្មោះ ជា មនោថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ ចំណែកបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួនបាត់នោះ មិនត្រូវបានស្គាល់អត្តិសញ្ញាណនោះទេ ពួកគេទាំង៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាគុបជ្រុង ពណ៌ស្លែ អត់ស្លាកលេខ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ កម្លាំងសមត្ថកិច្ចខណ្ឌនិងប៉ុស្តិ៍ កំពុងជិះម៉ូតូល្បាត ដើម្បីទប់ស្កាត់ និងការពារបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ខណ:នោះបានឃើញជនសង្ស័យទាំង៣នាក់ កំពុងជិះម៉ូតូមួយគ្រឿង ដោយមានការសង្ស័យសមត្ថកិច្ច ក៏បានឃាត់ឲ្យឈប់ នៅពេលនោះជនសង្ស័យម្នាក់បានរត់គេចខ្លួនបាត់។

ដោយឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយពីបានឆែកឆេរ សមត្ថកិច្ចរកឃើញឧបករណ៍ដែកចុងស្រួច សម្រាប់កាច់កម៉ូតូ១ដើម ដែកកាប់១ដើម ដែកលួសសម្រាប់ឆ្កិះសោរផ្ទះ១ដើម ទុលរវិស១ដើម និងស្នាប់ជ័រឆ្នាន់ម៉ូតូចំនួន១ សម្រាប់លាក់ដែកចុងស្រួច ទុកសម្រាប់កាច់កម៉ូតូនៅក្នុងនោះ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសុំរឿងចាត់ការតាមនីវិធី៕

មតិយោបល់