Post News Media ព័ត៌មានជាតិ សំណុំរឿង លោកស...

សំណុំរឿង លោកស្រីចៅក្រម ថ្លាង សុផាណែត លើកលែងចោទ លើជនជាតិចិន នាំនិស្សិតខ្មែរទៅលក់ត្រូវជនរងគ្រោះ ប្តឹងទៅឧទ្ធរណ៍

ភ្នំពេញ: ដោយយល់ឃើញថា វាជារឿងអយុត្តិធម៌បំផុតចំពោះពួកគេដែលត្រូវជនជាតិចិនយកទៅលក់ ដូចសត្វធាតុ នោះ ក្រុមជនរងគ្រោះ បានសម្រេចចិត្តដាក់ពាក្យប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងសាលក្រមរបស់លោកស្រី ថ្លាង សុផាណែត ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេច លើកលែងបទចោទប្រកាន់ និងដោះលែងជនជាប់ចោទជាជនជាតិចិនឈ្មោះ Liu Wing Hing ភេទប្រុស អាយុ ៤២ឆ្នាំ។ នេះបើយោងតាមការអះអាងរបស់លោកមេធាវី ជា ណារ៉ា ដែលជាមេធាវីការពារសិទ្ធិឲ្យជនរងគ្រោះ។

លោកមេធាវី បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះថា ក្នុងនាមជាមេធាវីការពារសិទ្ធិឲ្យជនរងគ្រោះ លោកយល់ឃើញថា ការសម្រេចរបស់លោកស្រី ថ្លាង សុផាណែត ពិតជាផ្តល់ភាពអយុត្តិធម៌ណាស់ដល់កូនក្តីរបស់លោក រាប់សិបនាក់ដែលត្រូវ ជនត្រូវចោទបានយកទៅលក់ បែរជាជនជាប់ចោទបានរួចខ្លួនយ៉ាងធូរ ខណ:ដែលតុលាការក្រុងភ្នំពេញធ្លាប់បានផ្តន្ទាទោស ជនជាប់ចោទដាក់គុក៧ឆ្នាំរួចទៅហើយ បែរជាលោកស្រី ថ្លាង សុផាណែត សម្រេចលើកលែងចោទ និងដោះលែង ឲ្យមានសេរីភាព ផ្ទុយពីការសម្រេចរបស់ចៅក្រមជំនុំជម្រះកាលពីពេលមុន លើសំណុំរឿងដដែល បែបនេះ។

ក្នុងនាមលោកជាមេធាវីការពារសិទ្ធិឲ្យជនរងគ្រោះ លោកសូមអំពាវនាវដល់ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធមេត្តា បើកការស៊ើបអង្កេត លើនេះផង ដើម្បីឲ្យជនរងគ្រោះ និងមហាជនទូរទៅ មានជំនឿជាក់លើប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨កន្លងទៅ លោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក រៀល សុភិន ជាតំណាងអយ្យការសវនាការ បានប្រកាសសាលក្រមលើកលែងបទចោទ និងតម្រូវឲ្យដោះលែងជនជាប់ចោទ ឈ្មោះ Liu Wing Hing ភេទប្រុស អាយុ ៤២ឆ្នាំ ឲ្យមានសេរីភាព វិញក្រោយពី ជនជាប់ចោទបានប្តឹងទាស់ នឹងសាលក្រមចាស់ដែលបានផ្តន្ទាទោសរូនគេដាក់គុក ៧ឆ្នាំ ពាក់ព័ន្ធករណី នាំនិស្សិតខ្មែរ រាប់សិននាក់ទៅលក់ឲ្យធ្វើកម្មកររបស់រោងកាត់ដេរនៅប្រទេសចិន។

ការសម្រេចលើកលែងចោទប្រកាន់លើជនជាប់ចោទឈ្មោះ Liu Wing Hing ភេទប្រុស អាយុ ៤២ឆ្នាំ នេះក៏មានការស្នើសុំឲ្យលើកលែង របស់លោក រៀល សុភិន តំណាងអយ្យការ ក្នុងសេច្តីសន្និដ្ឋាន នាពេលជំនុំជម្រះសារជាថ្មី កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ផងដែរ។

សូមបញ្ជាក់ថា លោក រៀល សុភិន ជាតំណាង អយ្យការបានចោទប្រកាន់លើឈ្មោះ Liu Wing Hing ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ពីបទ នាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន ប្រព្រឹត្តអំឡុងចុងឆ្នាំ២០១៥ យោងតាមមាត្រា ១១ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនោះលោក អ៉ិន ស៊ីម៉ាណាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ជានាយក វិទ្យាស្ថាន បណ្តុះ បណ្តាល គណនេយ្យ វិជ្ជាជីវ: (IPAT) (ធ្លាប់បានតុលាការផ្តន្ទាទោស ដាក់គុក ៧ឆ្នាំ ជាមួយជនជាប់ចោទឈ្មោះ Liu Wing Hing) បានឆ្លើយក្នុងនាមជាសាក្សីនៃ សំណុំរឿងប្តឹងទាស់ សាលាក្រមនេះរបស់ជនជាប់ចោទឈ្មោះ Liu Wing Hing ថា ខ្លួនពិតជាបាន ផ្សព្វផ្សាយជ្រើសរើសនិស្សិត ឲ្យទៅរៀននៅសាកលវិទ្យាល័យ ច្នៃម៉ូតសម្លៀកបំពាក់ ផ្នែកច្នៃម៉ូតសម្លៀកបំពាក់ ក្នុងប្រទេសចិន ដោយតម្រូវឲ្យនិស្សិត បង់លុយពី ២,៥០០ដុល្លារ ទៅ៤,៥០០ដុល្លារ។

លោកបានសន្យាជាមួយនិស្សិតថា នៅពេលទៅដល់ប្រទេសចិន និស្សិតអាច មានការងារធ្វើក្រៅម៉ោង បានប្រាក់ខែចន្លោះពី ៥០០ ទៅ៦០០ដុល្លារ ខ្លួនមិនបាន បោកប្រាស់និស្សិតយកទៅលក់ឲ្យធ្វើជាកម្មករ នៅរោងចក្រក្នុងប្រទេសចិនឡើយ។

លោកបញ្ជាក់ថា ជនជាប់ចោទឈ្មោះ Liu Wing Hing ជាអ្នកយកលុយសេវា រត់ការនាំនិស្សិតទៅរៀននៅប្រទេសចិន និងជាអ្នករត់ការឯកសារ សម្របសម្រួល ទំនាក់ទំនង ជាមួយសាលានៅប្រទេសចិនទាំងអស់ ពោលគឺ ការនាំនិស្សិតចេញទៅប្រទេសចិន និងរៀបចំទទួលនិស្សិតនៅប្រទេសចិន ជាតួនាទីរបស់ ជនជាប់ចោទឈ្មោះ Liu Wing Hing ទាំងអស់។

ចំណែកជនជាប់ចោទឈ្មោះ Liu Wing Hing បានបដិសេធថា ខ្លួនមិនបានដឹងរឿងអ្វីទេ គឺគ្រាន់តែយកលុយពីលោក អ៉ិន ស៊ីម៉ាណាន់ ដើម្បីជួយរត់ការឯកសារ និងនាំនិស្សិត ទាំងអស់ទៅប្រទេសចិនតែប៉ុណ្ណោះ ។

ជនរងគ្រោះដែលបានចូលរួមក្នុងសវនាការបាន អះអាងថា មាននិស្សិតចំនួន ២២នាក់ ដែលត្រូវចាញ់បោក ជនជាប់ចោទទាំងពីរនាក់ខាងលើ អស់ប្រាក់ពីចន្លោះ ២,៥០០ដុល្លារ ទៅ៤,៥០០ដុល្លារក្នុងម្នាក់ៗ។

មិនដូចអ្វីដែលបានសន្យា ជនជាប់ចោទបាន បញ្ជូនពួកគេ ទៅធ្វើជាកម្មកររោងចក្រកាត់ដេរ ដោយធ្វើការពី៨ ទៅ១០ម៉ោងក្នុង១ថ្ងៃ ដោយគ្មានពេលសម្រាក និងទទួលបានប្រាក់ខែតែ ១០០ ទៅ១២០ដុល្លារតែប៉ុណ្ណោះ មិនដូចជាអ្វីដែលជនជាប់ចោទបានសន្យានោះទេ។

ក្រោយពីពួកគេដឹងខ្លួនថា ត្រូវចាញ់បោកគេ ជនជាតិចិនបាន ដកហូតលិខិតឆ្លងដែនរបស់បពួកគេទុក និងបង្ខាំងពួកគេឲ្យធ្វើការ គ្មានពេលសម្រាក។ ក្រោយមកដោយទ្រាំមិនបាន បពួកគេក៏បាននាំគ្នារត់ទៅរកស្ថានទូតខ្មែរឲ្យជួយអន្តរាគមន៍ និងបញ្ជូនមកប្រទេសកម្ពុជាវិញ។

គួររំលឹកថា ជនជាប់ចោទទាំង២នាក់ខាងលើ ធ្លាប់ត្រូវបាន តុលាការក្រុងភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយ:ពេល ៧ឆ្នាំ កាលពីអំឡុងចុងខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែ ជនជាប់ចោទឈ្មោះ Liu Wing Hing ជាជនជាតិចិនបាន ប្តឹងទាស់នឹងសាលក្រម៕

Loading...