ព័ត៌មានជាតិ

​ភ្ជង់យកទូរសព្ទស្ត្រីម្នាក់ពេលយប់ ទៅលាក់លើចុងត្នោត ព្រឹកឡើងជាប់ខ្នោះ!

បាត់ដំបង:​ លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់Post Newsថា មានករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទយកកំប៉ុងគោជល់ពត់ឲ្យស្រួច យកទៅភ្ជង់ស្រ្តីម្នាក់ រួចសំឡុតយកទូរសព្ទ ម៉ាកអាយហ្វូន​ហ្វាយអេស ពណ៌មាសបានសម្រេច​។

ប្រតិបត្តិការនេះប្រព្រឹត្តទៅ កាលពីថ្ងៃទី២៤​​ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩យប់ ស្ថិត​ក្នុងភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក ​ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ ម៉ុង ចម្រើន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ ​ចំណែកជន​រងគ្រោះឈ្មោះ ញ៉ុក វលក្ខ័ ភេទស្រី អាយុ២១ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ​។

បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យរួចមក លុះព្រឹក​ម៉ោង១០ព្រឹក នៅថ្ងៃទី​២៥ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ច​បាននាំខ្លួនជនសង្ស័យ​ ដើម្បីទៅរកទូរសព្ទរបស់ជនរងគ្រោះ រួចមកក៏ឃើញនៅលើដើមត្នោត ដែលជនសង្ស័យ យកទៅលាក់លើធាងត្នោត នៅពីខាង​លិចចម្ងាយ​២ម៉ែត្រ​ ពីកន្លែងដេករបស់ជនសង្ស័យ​។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ​ត្រូវ​​នាំយកមក​កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់