ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពឆក់យកទូរសព្ទមិនបានសម្រេច

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងខណ្ឌដង្កោដេញចាប់បានភ្លាមៗក្រោយពីធ្វើសកម្មភាព ឆក់យកទូរសព្ទមិនបានសម្រេច កាលពី វេលាម៉ោង៩យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចមុខស្រាបៀរកម្ពុជា ផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សេន វិសិត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលបន្ទប់លេខ១០ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានទី១ឈ្មោះ នាង អនុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (អ្នកអង្គុយខាងក្រោយធ្វើសកម្មភាពឆក់) និងទី២ឈ្មោះ ជុង សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (អ្នកបើកម៉ូតូ) ។

បើតាមសម្ដីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CZ-8424 ម្នាក់ឯង តាមផ្លូវ២១៧ ពីជើងទៅត្បូង ដល់ត្រង់ចំណុចក្បែររោងចក្រស្រារបៀរកម្ពុជា ពេលនោះជនរងគ្រោះក៏បានយកទូរសព្ទម៉ាកហូវៃ ពណ៌ខ្មៅ ដើម្បីទូរសព្ទទៅរកបងប្អូន ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកវើស៊ិន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GD-2586 ឌុបគ្នាមកអែបពីក្រោយខាងឆ្វេង និង ម៉ូតូរបស់ជនរងគ្រោះរួចជនសង្ស័យឈ្មោះ នាង អនុន ដែលអង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់យកទូរសព្ទម៉ាកខាងលើ របស់ជនរងគ្រោះ តែឆក់យកមិនបាន
ដោយសារជនរងគ្រោះក្តាប់ទូរសព្ទជាប់នៅនិងដៃឆ្វេង ហើយជនសង្ស័យក៏បានបើកម៉ូតូរត់តាមផ្លូវ២១៧ពីជើងទៅត្បូង ជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយស្រែកថាចោរៗ ហើយសមត្ថកិច្ចយើងដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវ២១៧ស្រាប់ ក៏បានជួយអន្តរាគមន៍ដេញតាមពីក្រោយជនសង្ស័យដល់ត្រង់ចំណុចស្ថានីយ៍ប្រេងសាំងព្រែកជ្រៃស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ជនសង្ស័យក៏បានដួលម៉ូតូរួចសមត្ថកិច្ចយើងឃាត់ ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូម៉ាកវើស៊ិន មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GD-2586 ចំនួន០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចធ្វើការសាកសួរនៅកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕
//youtu.be/PJD_LOtH9iM

មតិយោបល់