ព័ត៌មានជាតិ

គេចពីរថយន្តមួយ ជ្រុលទៅបុករថយន្តមួយទៀត ស្លាប់ម្នាក់យ៉ាងរន្ធត់និង របួសធ្ងន់ម្នាក់!..

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀតបានរងបួសធ្ងន់ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងគេចពីរថយន្តបើកនៅខាងមុខ បានជ្រុលចង្កូតចូលទៅចំណីផ្លូវរថយន្តម្ខាងទៀតដែលបើកបញ្ចា្រស់ទិសដៅគ្នា បុកពេញទំហឹង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែ មករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៣ ខាងជើងភោជនីយដ្ឋាន កែវ ព្រិល ប្រមាណជាង២០០ម៉ែត្រ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ យ៉ន ភារុន ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើត ភូមិស្តុក ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស២នាក់ជិះ ម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GT-1830 ជិះតាមបណ្តោយផ្លូវលេខ១០០៣ ទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុខាងលើ បានគេចពីរថយន្តមួយគ្រឿងមិនចាំម៉ាក បើកនៅខាងមុខគេចមកឆ្វេងដៃក៏ជ្រុលចង្កូចចូលទៅចំណីផ្លូវរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាហាយឡាក់រ៉េវ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AU-6166 បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូបោកផ្ទប់នឹងរថយន្តបែកក្បាលស្លាប់នៅនឹងកន្លែងភ្លាមៗ។ ចំណែកអ្ម្នកអង្គុយនៅពីក្រោយ បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះម្ចាស់រថយន្តបានបើករថយន្តចេញមកក្រៅក្នុងស្ថានភាពស្រវឹងហើយបានរត់គេចខ្លួនបាត់ស្រមោល ចំណែករថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានធ្វើកោសល្យវិច័យនិងបានដឹកសពជនរងគ្រោះទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែករថយន្តនិងម៉ូតូត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់