ព័ត៌មានជាតិ

រថយន្តក្រុង បើកវ៉ាជែង បុកម៉ូតូគ្រូបង្រៀនស្លាប់នៅនឹងកន្លែង!

សៀមរាប: លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការស្រុកពួក បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តក្រុង បានបុកជាមួយម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ មុខតំបាញសូត្រព្រៃក្មេង ទឹកដីភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តទេសចរណ៍២៥កៅអី ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ សៀមរាប 3A-1131 បើកបរពីទិសខាងកើតទៅលិច ដល់ចំណុចកើតហេតុ ក៏បានឡើងវ៉ា ជ្រុលទៅបុកនឹងម៉ូតូដែលបើកបរដោយឈ្មោះ ហល់ ហឿន ភេទប្រុស អាយុ៥៣ឆ្នាំ រស់មុខរបរគ្រូបង្រៀន នៅភូមិសំរោងយា ឃុំសំរោងយា ស្រុកពួក ដែលបើកពីលិចទៅកើត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់