ព័ត៌មានជាតិ

បញ្ជូនខ្លួនយោធាផ្កាយ ១ បាញ់ពលរដ្ឋនៅបឹងទំពុន ទៅតុលាការ ដើម្បីបន្តនីតិវិធី

ភ្នំពេញ: ក្រោយពីបង្អង់នីតិវិធីកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបាន បញ្ជូនខ្លួនលោកយោធាផ្កាយ ១ ដែលជាប់ចោទ ប៉ុនប៉ងឃាតកម្ម និងកាន់កាប់អាវុធគ្មានការអនុញ្ញាត ទៅកាន់តុលាការ ដើម្បីឱ្យចៅក្រមស៊ើបសួរ បន្តនីតិវិធី។

យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា សំណុំរឿងនេះ ត្រូវបានប្រគល់ជូន លោកស្រីចៅក្រម ថ្លាង សុផាណែត ជាអ្នកចាត់ការនៅព្រឹកនេះ។

ដោយឡែកប្រភពពីសមត្ថកិច្ចក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅព្រឹកនេះ គឺអាចនឹងមានការដោះលែងជនត្រូវចោទ ឱ្យទៅផ្ទះវិញ ប្រសិនបើដើមបណ្តឹងព្រមទទួលយកសំណង និងដកពាក្យបណ្តឹង ឈប់ប្តឹងជនត្រូវចោទ។

សមត្ថកិច្ចបានថ្លែងបន្ថែមថា មិនដឹងថា ចៅក្រមស៊ើបសួរ អាចលែងជនត្រូវចោទបានដែរឬទេ? ព្រោះនៅតំណាក់កាល់តំណាងអយ្យការនោះ លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ មន្ត្រីយោធាបញ្ជាការកងទ័ពជើងគោក មានទីលំនៅ ភូមិព្រែកមហាទេព សង្កាត់ឯកភាព ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីបទ ប៉ុនប៉ងឃាតកម្ម និងបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ ៤៦៩ ផ្លូវ២៤BT ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ២៧ មាត្រា ១៩៩ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

បើយោងតាមមាត្រា ១៩៩ ជនត្រូវចោទអាចប្រឈមនឹងកាត់កាត់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ។

ចំណែកមាត្រា ៤៩០ ជនត្រូវចោទអាចប្រឈមនឹងកាត់កាត់ទោសដាក់ពន្ធនាគារពី ៦ខែ ទៅ០៣ឆ្នាំ។

យោងតាមភាគីជនរងគ្រោះ បានឱ្យអ្នកសារព័ត៌មានដឹងថា ភាគីជនត្រូវចោទ ពិតជាបាន ព្យាយាមអង្វរសុំឱ្យ ភាគីខ្លួនទទួលសំណង និងដកពាក្យបណ្តឹងមែន តែសំណងដែលជនជាប់ចោទចង់សងទៅខ្លួននោះ វាមិនទាន់ពិតប្រាកដថា ប៉ុន្មាននៅឡើយទេ ទើបខ្លួនរងចាំដោះស្រាយ នៅព្រឹកថ្ងៃច័ន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨នេះ បន្តទៀត។

ប្រភពពីអ្នកជិតខាងផ្ទះលោកយោធាផ្កាយ ១ រូបនេះ រួមមានទាំង អាជិវករ មន្ត្រីរាជការ និងមេធាវីផង បានឱ្យដឹងថា អ្នកណាក៏ល្បីឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម ដែរនៅម្តុំផ្សារត្រីផ្សារដើមថ្កូវ ឱ្យតែខឹងអ្នកណា ឬឈ្លោះអ្នកណា គឺបាញ់រហូត ជាច្រើនលើកច្រើនសារមកហើយ គ្មានអ្នកណា ហ៊ានប៉ះនោះទេ។

ពលរដ្ឋបន្តថា ពួកគាត់ធ្លាប់ ទៅប្តឹងដល់ស្ថាប័នកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏មិនអាចមានចំណាត់ការផ្លូវច្បាប់ លើលោកយោធាផ្កាយ១ នេះបានឡើយ ដោយសារតែគេមានលុយ និងបក្ខពួកច្រើន ទើបពលរដ្ឋត្រូវ ដេកឈឺចាប់រហូតមកជាច្រើនឆ្នាំ។

ពលរដ្ឋបានសម្តែងភាពត្រេកអរណាស់ពេលសមត្ថកិច្ច និងតុលាការចាត់ការលោកយោធាផ្កាយមួយនេះបាន បែបនេះ ហើយសង្ឃឹមថា តុលាការអនុវត្តច្បាប់លើជននេះបានផងដែរ ដើម្បីសាកសមនឹងទង្វើដែលរូបគេបានប្រព្រឹត្តកន្លងមក។

គួររំឭកថា កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនត្រូវចោទឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម បានទៅធាក់ទ្វារបងស័ង្កសី របស់ជនរងគ្រោះឈ្មោះ អ៊ុន វាសនា មានទីតាំងនៅផ្ទះលេខ ៤៦៩ ផ្លូវ២៤BT ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅពេលនោះជនរងគ្រោះឈ្មោះ អ៊ុន វាសនា បានសួរនាំទៅជនសង្ស័យថា ហេតុអ្វីក៏មកធាក់ទ្វារបងផ្ទះខ្លួន ស្រាប់តែជនត្រូវចោទឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម ដកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) ញុកចូលប្រហោងទ្វារបងផ្ទះជនរងគ្រោះ បាញ់សំដៅទៅលើជនរងគ្រោះចំនួន ៥គ្រាប់ (ផ្ទុះ ០២គ្រាប់ មិនផ្ទុះ ០៣គ្រាប់)។

ក្រោយមកជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ច ឱ្យមកជួយអន្តរាគមន៍ នៅពេលជនរងគ្រោះត្រលប់មកដល់ផ្ទះវិញ ស្រាប់តែជនសង្ស័យ ដកកាំភ្លើង បាញ់ទៅលើជនរងគ្រោះ ជាច្រើនគ្រាប់ទៀត តែសំណាងល្អ កាំភ្លើងនោះមិនផ្ទុះ។

សូមបញ្ជាក់ថា ខណ:ដែលត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការ ជនសង្ស័យបាន ហៅក្រុមអង្គរក្សមកការពារមួយក្រុមធំ និងជនត្រូវចោទបាន ប្រើទូរស័ព្ទដៃ ថតរូបក្រុមអ្នកសារព័ត៌មានថែមទៀតផង ដោយសមត្ថកិច្ច មិនបានដាក់ខ្នោះ ជនសង្ស័យដទៃទៀតនោះទេ។

ក្រៅពីសកម្មភាពបែបនេះ ជនត្រូវចោទបាន ប្រើពាក្យសំដី គំរាមកំហែងក្រុមអ្នកកាសែតថា លោកបាន ប្រាប់ថ្នាក់លើ អស់ហើយ ចឹងអ្នកកាសែតតូចតាច ចង់ថតអីថតទៅ និយាយតែជាមួយ គឺចប់ហើយ៕

មតិយោបល់