ព័ត៌មានជាតិ

ចៅក្រម ថ្លាង សុផាណែត ដោះលែងលោកផ្កាយ១ ដែលដេញបាញ់ពលរដ្ឋ

ភ្នំពេញ: នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ មានសេចក្តីរាយការណ៍ថា លោកស្រី ថ្លាង សុផាណែត ជាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង មន្ត្រីយោធាផ្កាយ១ម្នាក់ ដែលពាក់ព័ន្ធករណី ប៉ុនប៉ងឃាតកម្ម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ឱ្យមានសេរីភាពវិញ។

សូមបញ្ជាក់ថា ជនត្រូវចោទដែលោកស្រី ថ្លាង សុផាណែត ដោះលែងនោះ ឈ្មោះ សោ សុហៀម ហៅលោកគ្រូហៀម ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ មន្ត្រីយោធាបញ្ជាការកងទ័ពជើងគោក មានទីលំនៅផ្ទះលេខ១២៦បេ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ការដោះលែងជនត្រូវចោទខាងលើ បានធ្វើឡើងក្រោយពី លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចបើកការស៊ើបសួរ និងចោទប្រកាន់លើ សោ សុហៀម ហៅលោកគ្រូ ហៀម
ពីបទ ប៉ុនប៉ងឃាតកម្ម និងបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ ៤៦៩ ផ្លូវ២៤BT ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ២៧ មាត្រា ១៩៩ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនសំណុំរឿងទៅឱ្យលោកស្រី ថ្លាង សុផាណែត ចាត់ការបន្ត។

បើយោងតាមមាត្រា ១៩៩ ជនត្រូវចោទអាចប្រឈមនឹងកាត់កាត់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ។

ចំណែកមាត្រា ៤៩០ ជនត្រូវចោទអាចប្រឈមនឹងកាត់កាត់ទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ។

ពាក់ព័ន្ធមូលហេតុនៃការសម្រេចដោះលែង ជនត្រូវចោទខាងលើនេះ យើងនៅមិនទាន់អាចសុំការបញ្ជាក់ពីមូលហេតុ ពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ ដោយសារលោកមិនបានឆ្លើយតបនឹងសួរតាម គ្រុប Telegram ដែលបានផ្ញើជូននោះទេ។

បើយោងតាមមាត្រា៧នៃ ក្រមនីតិវិធីព្រហ្មទណ្ឌបាន ចែងថា មូលហេតុនៃការរលត់បណ្ដឹងអាជ្ញារួមមាន៖
-មរណ:ភាពនៃជនល្មើស
-ការផុតអាជ្ញាយុកាល
-ការលើកលែងទោសជាទូទៅ
-និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ
-និងអាជ្ញាអស់ជំនុំ។
កាលណាបណ្ដឹងអាជ្ញាត្រូវផុតរលត់ហើយ ការចោទប្រកាន់ខាងព្រហ្មទណ្ឌមិនអាចចាប់ផ្តើមបានទៀតទេ ឬត្រូវតែបញ្ចប់។

យោងតាមការបញ្ជាក់របស់ភាគីជនរងគ្រោះ បានឱ្យអ្នកសារព័ត៌មានដឹងថា ភាគីជនត្រូវចោទ បានព្រមព្រៀងសងសំណងឱ្យខ្លួន នៅព្រឹកថ្ងៃច័ន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨នេះ ទើបខ្លួនសុខចិត្តដកពាក្យបណ្តឹង។

គួររំលឹកថា កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនត្រូវចោទឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម បានទៅធាក់ទ្វារបងស័ង្កសី របស់ជនរងគ្រោះឈ្មោះ អ៊ុន វាសនា មានទីតាំងនៅផ្ទះលេខ ៤៦៩ ផ្លូវ២៤BT ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅពេលនោះជនរងគ្រោះឈ្មោះ អ៊ុន វាសនា បានសួរនាំទៅជនសង្ស័យថា ហេតុអ្វីក៏មកធាក់ទ្វារបងផ្ទះខ្លួន ស្រាប់តែជនត្រូវចោទឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម ដកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) ញុកចូលប្រហោងទ្វារបងផ្ទះជនរងគ្រោះ បាញ់សំដៅទៅលើជនរងគ្រោះចំនួន ៥គ្រាប់ (ផ្ទុះ ២គ្រាប់ មិនផ្ទុះ ៣គ្រាប់)។

ក្រោយមកជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ច ឱ្យមកជួយអន្តរាគមន៍ នៅពេលជនរងគ្រោះត្រលប់មកដល់ផ្ទះវិញ ស្រាប់តែជនសង្ស័យ ដកកាំភ្លើង បាញ់ទៅលើជនរងគ្រោះ ជាច្រើនគ្រាប់ទៀត តែសំណាងល្អ កាំភ្លើងនោះមិនផ្ទុះ។

សូមបញ្ជាក់ថា ខណ:ដែលត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការ ជនសង្ស័យបាន ហៅក្រុមអង្គរក្សមកការពារមួយក្រុមធំ និងជនត្រូវចោទបាន ប្រើទូរស័ព្ទដៃ ថតរូបក្រុមអ្នកសារព័ត៌មានថែមទៀតផង ដោយសមត្ថកិច្ច មិនបានដាក់ខ្នោះ ជនសង្ស័យដទៃទៀតនោះទេ។

ក្រៅពីសកម្មភាពបែបនេះ ជនត្រូវចោទបាន ប្រើពាក្យសំដី គំរាមកំហែងក្រុមអ្នកកាសែតថា លោកបាន ប្រាប់ថ្នាក់លើ អស់ហើយ ចឹងអ្នកកាសែតតូចតាច ចង់ថតអីថតទៅ និយាយតែជាមួយ គឺចប់ហើយ៕

មតិយោបល់