Post News Media ព័ត៌មានជាតិ Update៖ ស្ត្រ...

Update៖ ស្ត្រីម្នាក់ខ្យល់គស្លាប់ នៅក្នុងរោងចក្រកាត់សម្លៀកបំពាក់យីហោ «ចកជេ»

ភ្នំពេញ: ស្ត្រីជាចុងភៅម្នាក់បានស្លាប់ ដោយខ្យល់គអំទ្បុងពេលកំពុងដេក ក្នុងរោងកម្មករហូបបាយ នៅរោងចក្រកាត់ដេរមួយកន្លែង យីហោ «ចកជេ» កាលពី៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះឈ្មោះ វ៉ន ចន្ធី អាយុ៥១ឆ្នាំ មុខរបរជាចុងភៅ នៅក្នុងរោងចក្រខាងលើ គាត់មានស្រុកកំណើតនៅក្នុងភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម និងស្នាក់នៅផ្ទះជួលនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះរូបនោះ បានចាកចេញពីផ្ទះជួលហើយបានចូលទៅដេកនៅក្នុងរោងបាយកម្មករ ខណ:នោះមិនមាននរណាម្នាក់បានដឹងថា គាត់ស្លាប់នោះទេ ដោយស្មានថាគាត់ដេកលក់។ លុះដល់ពេលកើតហេតុ ដោយមិនឃើញគាត់ក្រោក ណាមួយដេកធ្លាក់ជើងម្ខាងគួរឲ្យសង្ស័យ ក៏បានចូលទៅដាស់ ទើបដឹងថាគាត់ស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុខាងរោងចក្រ បានរាយការណ៍ជូននគរបាលប៉ុស្ដិ៍ក្រាំងពង្រ និងខណ្ឌដង្កោចុះធ្វើការត្រួតពិនិត្យភ្លាម ដោយបានបញ្ជាក់ថាស្ត្រីរងគ្រោះ ពិតជាស្លាប់ដោយខ្យល់គ ប្រាកដមែន បន្ទាប់មកក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...