ព័ត៌មានជាតិ

Update៖ អ្នកណាមិនស្តាយ! ទើបតែទិញរថយន្តជិត៦ម៉ឺនដុល្លារ ត្រូវរថយន្តព្រុសពន្លះខ្ទេចទាំងព្រឹក..

​ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តស៊េរីទំនើប២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង និងបង្កការភ្ញាក់ផ្អើលទាំងព្រឹក។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១៨នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យបានដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើប ម៉ាកតូយ៉ូតា ប្រភេទដឹកភ្ញៀវទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF-5123 ធ្វើដំណើរត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តម៉ាក ព្រុស បើកបរក្នុងល្បឿនលឿន បានមកបុករថយន្តស៊េរីទំនើបខាងលើក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង។

បើយោងតាមការបញ្ជាក់ពីសម្តីម្ចាស់រថយន្តស៊េរីទំនើប ម៉ាកតូយ៉ូតា ថា រថយន្តរបស់គាត់ទិញក្នុងតម្លៃ៥៧០០០ដុល្លារ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយពេលក្រោយតាមនីតិវិធីច្បាប់ផងដែរ៕

មតិយោបល់