ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ស្លាប់ក្នុងមន្ទីរពេទ្យស័ង្ក ម៉ារី ខណៈដែលមិនស្រួលខ្លួនចូលទៅព្យាបាល

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ បានស្លាប់បាត់ជីវិត បន្ទាប់ពីកើតមានអាការ:មិនស្រួលខ្លួន ជំងឺបេះដូង ដឹងខ្លួនថាមិនស្រួល បង្ខំឲ្យ អ្នកបើកបរនាំចូលមន្ទីរពេទ្យនៅក្បែរៗកន្លែងខ្លួនស្នាក់នៅ ទីបំផុតនៅមិនអាចសង្រ្គោះអាយុជីវិតបានដដែល បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងមន្ទីរពេទ្យ ស័ង្ក ម៉ារី តាមផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ LIU YIWANG ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E100545474 មុខរបរបម្រើការងារ ឧស្សាហ៍កម្មកាត់ដេរ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពរបស់ជនរងគ្រោះ ជាជនជាតិចិន តាមរយ:អ្នកបកប្រែបានឲ្យដឹងថា ប្តីរបស់គាត់ មានជំងឺបេះដូងប្រចាំកាយ ហើយមុនកើតហេតុ ជនរងគ្រោះ ជាប្តីប្រពន្ធ និងមិត្តភក្តិ សរុបគ្នា៤នាក់ ជិះរថយន្ត ជូនដំណើរមិត្តភក្តិឡើងជិះយន្តហោះ វិលត្រឡប់ទៅប្រទេសចិន រួចហើយ គ្នា៤នាក់ វិលត្រឡប់ចូលហូបអារហារ នៅហាងចិនមួយកន្លែងស្ថិតនៅ តាមផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប ហើយខណ:ដែលកំពុងអង្គុយ មិនទាន់បានហូបបាយផង ជនរងគ្រោះកើតមានអាការ:មិនស្រួលខ្លួន ងងឹតវិលមុខដួលលើសាឡុង ឃើញសភាពមិនស្រួល ប្រពន្ធនិងមិត្តភក្តិ ដឹកតាមរថយន្ត បំណងឆ្ពោះទៅមន្ទីរពេទ្យកាល់ម៉ែត តែដោយសារស្ថានភាពជំងឺកាន់តែខ្លាំងធ្ងន់ ក៏បើករថយន្តចូល មន្ទីរសម្រាកព្យាបាលនិងសម្ភព ស័ង្ក ម៉ារី ស្ថិតនៅក្បែរនោះស្រាប់ តែគួរឲ្យសោកស្តាយ ជនរងគ្រោះគ្រាន់តែចូលដល់ក្នុងបន្ទប់សង្រ្គោះបន្ទាន់ភ្លាម ដាច់ខ្យល់ស្លាប់បាត់ ទើបឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះទៅពិនិត្យមើលជាក់ស្តែង ។

តាមគ្រូពេទ្យប្រចាំការ នៅមន្ទីរពេទ្យខាងលើបានឲ្យដឹងថា ជនរងគ្រោះពេលដែល ក្រុមគ្រួសារ មិត្តភក្តិនាំចូលមក ក្នុងសភាពធ្ងន់ធ្ងរទៅហើយ សុំឲ្យពេទ្យជួយ ឃើញដូច្នោះហើយ បើប្រកែកក៏មិនកើត ជួយតាមលទ្ធភាព គ្រាន់តែ រុញចូលក្នុងបន្ទប់សង្រ្គោះ ភ្លាម ត្រួតពិនិត្យ ម៉ាស្សា ចលនាបេះដូង ជនរងគ្រោះស្លាប់បាត់ជីវិត ។

ដោយមិនអស់ចិត្តពីក្រុមគ្រួសារ មិត្តភក្តិ ប្រពន្ធជនរងគ្រោះស្នើសុំឲ្យសមត្ថកិច្ចជំនាញ គ្រូពេទ្យជំនាញ គ្រាន់តែធ្វើកោសល្យវិច័យ ខណ:ដែលជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយស្រាប់ ឃើញថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចដឹកសាកសពទៅតម្កល់ទុកនៅ វត្តស្ទឹងមានជ័យ រង់ចាំដឹកបញ្ជូនទៅស្រុកកំណើតវិញ ៕

មតិយោបល់