ព័ត៌មានជាតិ

ស្លាប់ដោយសារតែគ្រឿងស្រវឹង! ជិះម៉ូតូទៅបុកជាមួយរថយន្តគេពេញទំហឹង ស្លាប់នៅនឹងកន្លែង!

ត្បូងឃ្មុំ: លោក អនុសេនីយ៍ឯក ថាញ់ សុវ៉ាត អធិការរងស្រុកមេមត់ ទទួលបន្ទុកផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបុកជាមួយរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ ចំណែករថយន្តរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលំក្រាលគ្រួសក្រហម មុខចម្ការកៅស៊ូរបស់ឈ្មោះអ៊ុយ សារិន ភេទប្រុស ស្ថិតនៅ​ភូមិចង្គុំកណ្ដាល ឃុំ​ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ករណីនេះកើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១០០​ សេរីឆ្នាំ១៩៩៩ ពណ៌ព្រីងទុំ ពាក់ស្លាកលេខ 93-F2.1914 បេីកបរដោយឈ្មោះ ដៀវ ញឹក ភេទ ប្រុស អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិឡុកនិញ១ ឃុំឡុកថាន់ ស្រុកឡុកនិញ ខេត្តបិញភឿក ប្រទេសវៀតណាម ជិះក្នុងស្ថានភាពស្រវឹង បានរេចង្កូតចូលចំណែកផ្លូវម្ខាងទៀត មកបុកជាមួយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ​ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងរន្ធត់តែម្តង។

ក្រោយកើតហេតុ ជំនាញនគរ​បាលចរាចរណ៍ ​បានយកម៉ូតូមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លូង ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី និងប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់