ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង បុកគ្នាលាន់ដូចរន្ទះ ស្លាប់និងរបួស៣នាក់!

បាត់ដំបង: ​ករណីគ្រោះចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងម៉ូតូឌ្រីម​ បើកបរលឿនក្នុងស្ថានភាពស្រវឹង ជ្រុលចង្កូតទៅបុកម៉ូតូវ៉េវ ក្នុងដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូឌ្រីមស្លាប់ ចំណែកឯភាគីខាងម៉ូតូវ៉េវរបួសធ្ងន់២នាក់​ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន​។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចកែងភ្នំប្រាំពីរ​ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង។

ម្ចាស់ម៉ូតូឌ្រីមឈ្មោះ សម្បតិ្ត បូ ភេទប្រុស អាយុ២៥ឆ្នាំ(ស្លាប់) រស់នៅភូមិ​​ឃុំ​កើតហេតុ ជិះម៉ូតូហុងដាសេ១២៥​ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ បាត់ដំបង 1N-9295។ ​ចំណែកម្ចាស់ម៉ូតូវ៉េវឈ្មោះ ឡុង នុត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក បើកម៉ូតូ​ហុងដា​វ៉េវ​​ពណ៌ខ្មៅ គ្មានស្លាកលេខ​ រងរបួសធ្ងន់បាក់ដៃឆ្វេង និង បាក់ភ្លៅខាងស្ដាំ និងអ្នករួមដំណើរជាមួយ ឈ្មោះ សឿត កក្កដា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ​ឃុំ​ជាមួយគ្នា រងរបួសធ្ងន់ បាក់កំភួនជើងខាងស្ដាំ។​

ក្រោយកើតហេតុ សមត្ថកិច្ច ​បាននាំយកវត្ថុតាងមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបួរ។ ចំណែកសព​ប្រគល់ជួនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់