ព័ត៌មានជាតិ

សង្ស័យរឿងស្នេហាត្រីកោណ! យុវជនម្នាក់ ត្រូវជនមិនស្គាល់មុខកាប់គ្មានប្រណីដៃ..

បន្ទាយមានជ័យ: យុវជនម្នាក់ត្រូវបានជនមិនស្គាល់មុខកាប់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណ:ដែលកំពុងជិះម៉ូតូតាមផ្លូវបណ្តើរម៉ូតូក្មេងស្រី២នាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែមករាឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រឿន ស៊ីម៉ាក់ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា តាមការសាកសួរជនរងគ្រោះ មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ១គ្រឿង ក្មេងស្រីចំនួន២នាក់បានជិះម៉ូតូ១គ្រឿងដែរ តែមិនស្គាល់ឈ្មោះដឹងថា នៅភូមិថ្នល់ដាច់ ឃុំភ្នំដី ពេលជិះបណ្តើរក្មេងស្រីទាំង២នាក់ មកដល់ផ្លូវបត់ចូលក្នុងភូមិថ្នល់ដាច់ ក៏ស្រាប់តែមានយុវជនមិនដឹងគ្នាប៉ុន្មាននាក់ជិះម៉ូតូ១គ្រឿង មិនស្គាល់អត្តសញ្ញាណបានជិះតាមពីក្រោយ ហើយបានសកម្មភាពកាប់ទៅលើជនរងគ្រោះគ្មានប្រណី បណ្តាលឲ្យរបួសក្បាលផ្នែកខាងក្រោយ១កន្លែង,របួសក្បាលផ្នែកខាងមុខ២កន្លែងធ្ងន់ ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរីទាំងយប់។
លោកអធិការបានឲ្យដឹងទៀតថា ក្នុងករណីហិង្សាដោយចេតនានេះ នៅមិនទាន់ដឹងថា ជាករណីគំនុំឬក៏រឿងស្នេហាត្រីកោណនោះទេ ព្រោះពេលនេះកម្លាំងនគរបាលជំនាញ កំពុងតែធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ ដើម្បីនាំខ្លួនមកសាកសួរនិងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

មតិយោបល់