ព័ត៌មានជាតិ

ផឹក​ស្រវឹង ខឹងប្អូន​ស្ដីប្រដៅ ទាញស្នចាក់ជាប់ឆ្កឹង!..

កណ្ដាល: បុរសម្នាក់ ត្រូវបាននគរបាលចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពយកស្នផ្លែពីរ ទៅចាក់ជាប់ឆ្កឹងលើផ្ទៃមុខប្អូនប្រុសខ្លួន ដោយសារតែផឹកស្រាស្រវឹង ខឹងប្អូនស្ដីប្រដៅ កាលពីម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។

មន្ត្រី នគរបាលស្រុកកោះធំ បានឱ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួន ឈ្មោះ អ៊ុយ រ៉េន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។

ចំណែកជនរងគ្រោះ ឈ្មោះ អ៊ុយ សំណាន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ ។

នគរបាលបានឱ្យដឹងបន្ថែមថា ជនសង្ស័យ និងជនរងគ្រោះ គឺជាបងប្អូនបង្កើតនឹងគ្នា ហើយជនសង្ស័យ អ៊ុយ រ៉េត ជាមនុស្សញៀនស្រា តែងផឹកស្រាជាប្រចាំថ្ងៃ ។ លុះនៅមុនពេលកើតហេតុខាងលើប្រមាណជា ១០ថ្ងៃមកហើយ ដែលជនសង្ស័យបានមក ស្នាក់នៅផ្ទះជនរងគ្រោះ អ៊ុយ សំណាន ដែលជាប្អូនបង្កើត ហើយតែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ ដោយរាល់ពេលស្រវឹងតែងនិយាយឡូឡា រំខានបងប្អូន និងអ្នកជិតខាង។
លុះនៅថ្ងៃហេតុខាងលើ ជនសង្ស័យដែលបានផឹកស្រវឹងតាំងពីថ្ងៃ ហើយនិយាយឡូឡាដដែលៗ ពេលនោះជនរងគ្រោះជាប្អូន បាននិយាយណែនាំឲ្យឈប់ផឹក និងកុំស្រែកឡូឡារំខានគេឯងទៀត បើពុំដូច្នោះទេ ខ្លួននិងមិនឲ្យស្នាក់នៅលេងផ្ទះបន្តទៀតទេ គឺនិងដេញឲ្យត្រលប់ទៅវិញហើយ។ ស្រាប់តែពេលនោះជនសង្ស័យជាបងបានប្រកាន់ខឹងរួចបានស្ទុះទៅយក ស្នមុខពីរ ដែលសៀតជាប់ជញ្ជាំងផ្ទះរបស់ជនរងគ្រោះ មកចាក់ទៅលើជនរងគ្រោះជាប្អូន ត្រូវចំផ្ទៃមុខខាងឆ្វេងបណ្ដាលឲ្យជាប់ផ្លែស្នរនៅនិងមុខ រួចហើយជនសង្ស័យបានដើរចុះដើរឡើងស្រែកឡូឡាពេញភូមិ ។ ចំណែកជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពីទទួលព័ត៌មាននេះ នគរបាលប៉ុស្ដិ៍លើកដែក បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់