Post News Media ព័ត៌មានជាតិ ផ្តន្ទាទោស បុ...

ផ្តន្ទាទោស បុរសបើករថយន្តបុកមនុស្សស្លាប់ និងរបួសជាង១០នាក់ នៅជិតសាលាបឹងត្របែក ដាក់គុក ៣ឆ្នាំ

ភ្នំពេញ: ដូចការគ្រោងទុក នៅរសៀលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨ លោក នូ វាសនា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការ ប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ មាស សុខហេង ភេទប្រុស អាយុ ៣០ឆ្នាំ ដាក់ពន្ធនាគារកំណត់រយ:ពេល ៣ឆ្នាំ ដោយអនុត្តទោសក្នុងពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានចូលជាថវិការដ្ឋ និងតម្រូវឱ្យសងសំណងទៅដើមបណ្ដឹង ២ ចំនួន ៤ម៉ឺនដុល្លារ ពីបទបើកបរធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដទៃ ប្រព្រឹត្តកាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ យោងតាមមាត្រា ៨៥ ច្បាប់ស្តីពី ចរាចរណ៍ ផ្លូវគោក ដោយបានបើករថយន្តបុកមនុស្សស្លាប់ ៣នាក់ និងរងរបួសចំនួន ៨នាក់ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្បែរវិទ្យាល័យបឹងត្របែក ក្នុងខណ្ឌចំការមន។

នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទ មិនអាចឆ្លើយបញ្ជាក់ ទៅនឹងសំណួររបស់តុលាការបានឡើយ ព្រោះជនជាប់ចោទ មានបញ្ហាខួរក្បាលធ្ងន់ធ្ងរ មិនអាចចងចាំអ្វីបានទាំងអស់ ក្រោយពីប្រជាពលរដ្ឋព្រួតគ្នាវាយឱ្យរបួសក្បាលពេលថ្ងៃកើតហេតុ។

នៅក្នុងសំណុំរឿងនេះ មានតែតំណាងជនរងគ្រោះ ដែលស្លាប់ ទាំង៣នាក់ និងរបួសធ្ងន់ម្នាក់ ប៉ុណ្ណោះ បានប្តឹងទាមទារសំណងជំងឺចិត្ត ក្នុងម្នាក់ៗ ចំនួន ១ម៉ឺនដុល្លារ។

គួររំឭកថា កាលពីល្ងាចថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៧ កន្លងទៅជនជាប់ចោទ ឈ្មោះ មាស សុខហេង មុខរបរលក់ទូរសព្ទ មានទីលំនៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ សង្កាត់ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបើករថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2M-2245 បញ្ច្រាសទិស បុករះម៉ូតូ៧គ្រឿង បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់ស្រាលចំនួន ៨នាក់។

ជនរងគ្រោះ ៣នាក់ដែលបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុរួមមានទី១ឈ្មោះ វ៉ង សុខណាក់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្តីទី២ឈ្មោះ សេង អាន ភេទស្រី អាយុ ២៥ឆ្នាំ និងទី៣ឈ្មោះ ណា ស្រីនីន ភេទស្រីអាយុ ២៣ឆ្នាំ ជាក្មួយស្រី ស្នាក់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕

Loading...