ព័ត៌មានជាតិ

ផ្តន្ទាទោសបុរសម្នាក់ ដាក់ពន្ធនាគារ ២ឆ្នាំ រឿង យកឈ្មោះ ប្រធាន ACU និងថ្នាក់ដឹកនាំដើរបោកពលរដ្ឋ

ភ្នំពេញ: ដូចជាអ្វីដែលបានគ្រោងទុក នៅរសៀលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨ លោក នូ វាសនា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការ ប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ស មឿនតារា ហៅ ស ឧត្តម ហៅ ស មង្គលឧត្តម ហៅ ប្រុស ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ឯកជន ដាក់ពន្ធនាគារកំណត់រយ:ពេល ២ឆ្នាំពីបទ ឆបោកមានស្ថានទម្ងន់ទោស ដោយប្រើឈ្មោះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំផ្សេងៗ ដើរបោកប្រាស់ប្រជាពលរដ្ឋនៅខេត្តក្រចេះ និងបន្ទាយមានជ័យ ប្រព្រឹត្តអំឡុងខែមិថុនា ឆ្នាំ២០១៧ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទឈ្មោះ ស មឿនតារា បានថ្លែងទទួលស្គាល់ថា រូបគេពិតជាបានយកឈ្មោះ ឯកឧត្តម ឱម យិនទៀង ឯកឧត្តម ប្រាក់ សុខុន ឯកឧត្តម យឹម ឆាយលី និងឯកឧត្តម ប៉ុល សារឿន ដើរបោកប្រាស់ប្រជាពលរដ្ឋក្នុងរឿងទំនាស់ដីធ្លី និងរត់ការឡើងស័ក្តិ មែន។

យោងតាមការបញ្ជាក់របស់លោក ហ៊ូ ស្ថាបនា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យសវនាការដឹងថា ជនជាប់ចោទខាងលើបាន ដើរប្រាប់ពលរដ្ឋ និងមន្ត្រីនៅស្រុក សំបូរ និងស្រុកចិត្របុរី ខេត្តក្រចេះ និងខេត្តបន្ទាយមានជ័យ ថារូបគេ ជាជំនួយការ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន ACU និងជាមន្ត្រីជាន់ខ្ពស់នៅតុលាការយោធា ហើយស្គាល់អ្នកធំច្រើនណាស់នៅទីស្តីការគណ:រដ្ឋមន្ត្រី។

ក្រោយពីបានអួតអាងបែបនោះ ជនជាប់ចោទ បានដើរឆបោកលុយពី ពលរដ្ឋ និងមន្ត្រី ចំនួន ៤នាក់ បានលុយចន្លោះពី ១០០ដុល្លារ ទៅ១២០០ដុល្លារ ក្នុងការរត់ការដោះស្រាយរឿងក្តី និងឡើងស័ក្តិ។

ក្រោយទទួលបានព័ត៌មាន ទើប ACU បានបើកការស្រាវជ្រាវរហូតឃាត់ខ្លន ជនជាប់ចោទខាងលើ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅខេត្តក្រចេះ៕

មតិយោបល់