ព័ត៌មានជាតិ

Update៖ ឡិចសុីសLX៥៧០ វ៉ារ៉ឺម៉កដឹកចង្ក្រានដី រួចជាន់ហ្វ្រាំងបង្អង់ ត្រូវរ៉ឺម៉កនោះកៀររងការខូចខាត

ភ្នំពេញ: រថយន្តឡិចសុីសLX៥៧០មួយគ្រឿងបើកវ៉ារុកចូលខណ:ផ្លូវចង្អៀត អកហ្សឺជាន់ហ្វ្រាំងឈប់ ត្រូវរ៉ឺម៉កសណ្តោងកៀរបណ្តាលឲ្យឆ្កូត រលាត់ថ្នាំរថយន្តនិងបែកចង្ក្រានដីអស់២។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង១០នាទីថ្ងៃត្រង់ទី១ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ៥៩៨ ចំណុចមុខផ្សារងឹនអាន ហៅផ្សារទំនប់ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តរងការខូចខាតម៉ាកឡិចសុីសLX៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-9099 បើកដោយស្ត្រីម្នាក់ឈ្មោះ ប៊ុន វណ្ឌី អាយុប្រហែលជាង៤០ឆ្នាំ ស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ចំណែករ៉ឺម៉កដឹកចង្ក្រានដីទាំង២គ្រឿងគ្មានស្លាកលេខនោះទេ បើកដោយបងប្អូន២នាក់ម្នាក់ឈ្មោះ ទុន សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ អ្នកបើករ៉ឺម៉កខូចនិងម្នាក់ទៀតឈ្មោះ ទុន សាម៉េត ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកបើករ៉ឺម៉កខាងមុខ។ អ្នកទាំង២ជាបងប្អូនបង្កើតនឹងគ្នាស្នាក់នៅភូមិឃ្លីឃុំជ្រៃបាក់ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុពេលកើតហេតុ ខណ:ផ្លូវចង្អៀតផងនោះ គេឃើញរ៉ឺម៉ក២គ្រឿងសណ្តោងគ្នាដោយបុរសជាបងជិះរឺម៉កក្រោយ និងយុវជនជាប្អូនជិះរ៉ឺម៉កមុខបើកតាមបណ្តោផ្លូវ៥៩៨ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកឡិចស៊ីសខាងលើបើកស្របទិសគ្នារុលចូលចំណុចចង្អៀតក៏បណ្តាលឲ្យរ៉ឺម៉កនិងរថយន្តកៀរគ្នាបណ្តាលឲ្យដាច់រលាត់ថ្នាំទ្វារខាងស្តាំរថយន្តព្រមទាំងបែកចង្ក្រានដី២ផងដែរ។

ដោយឡែកសម្រាប់ភាគីខាងរថយន្តបានឲ្យដឹងថាគាត់បើកត្រឹមត្រូវពោលគឺគាត់មិនខុសហើយសុំឲ្យខាងរ៉ឺម៉កចេញថ្លៃជួសជុលថ្លៃខូចខាតរលាត់ថ្នាំរថយន្តនោះ។

រីឯខាងភាគីរ៉ឺម៉កវិញក៏ថាគាត់មិនខុសនោះទេដោយគាត់និយាយថារថយន្តបើកប៉ះចង្ក្រានដីរបស់គាត់បណ្តាលឲ្យបែកខណ:ផ្លូវចង្អៀត។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះភាគីទាំងសងខាងសម្របសម្រួលគ្នាមិនត្រូវនៅកន្លែងកើតហេតុនោះទេហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តនិងរ៉ឺម៉កទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោកនៃដ្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ៕

មតិយោបល់