ព័ត៌មានជាតិ

ក្មេងទំនើងជិះម៉ូតូជួបគ្នា ទាញដាវសាំម៉ូរ៉ៃ បើកឆាកប្រយុទ្ធ!..

បាត់ដំបង: លោកវរសេនីយ៍ទោ ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានប្រាប់Post Newsថា មានករណីឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីហិង្សា បន្ទាប់ពីបានទាញកាំបិតកាប់ទៅក្មេងប្រុសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨និង២០នាទីយប់ ស្ថិតលើផ្លូវ៥៧B​ នៅក្នុងភូមិព្រៃលាវ ​ឃុំបន្សាយ​ត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។​

ជនរងគ្រោះមានឈ្មោះ​ ស៊ុ​ ប៊ុនឈេត​ ភេទប្រុស អាយុ១២ឆ្នាំ​​ រស់នៅភូមិតាកយ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ចំណែកជនសង្ស័យទី១ឈ្មោះ​ គឹង រាត្រី ភេទប្រុស អាយុ១៨ឆ្នាំ(​ជនដៃដល់) រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល​ ខេត្តបាត់ដំបង​ និង២​ឈ្មោះ ទុយ រក្សា ភេទប្រុស អាយុ១៧ឆ្នាំ(ជាអ្នកឌុប) រស់នៅភូមកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់បានជិះ​ម៉ូតូ​១គ្រឿង ម៉ាកហុងដាស៊េរី២០១៦ ក៏ប្រទះឃើញជនរងគ្រោះ​​ កំពុងជិះម៉ូតូដើលេងម្នាក់ឯង ក៏បានយកកាំបិតទៅកាប់ បណ្តាលឲ្យរងរបួសត្រង់ថ្ងាស់ខាងមុខ។ ​ចំណែកជនសង្ស័យ​ បានជិះម៉ូតូរត់គេចខ្លួន​បាត់តែម្តង។

ក្រោយកើតហេតុ កម្លាំងជំនាញបានកំណត់មុខសញ្ញាបាន រហូតដល់ថ្ងៃទី​១ ខែកុម្ភ: ឆ្នាំ២០១៨ ទើបឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងកាំបិតសាំម៉ូរៃ នាំមកអធិការនគរបាលស្រុក ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់