ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ របស់ក្រុមហ៊ុន​ WFP បើកលឿនពេក បុករះម៉ូតូនិងដើមឈើអស់មួយដើម

ភ្នំពេញ: រថយន្តហុីយ៉ាន់ដាយមួយគ្រឿង បានបើកលឿនក៏ជ្រុលបុកម៉ូតូគុបជ្រុងមួយគ្រឿង បណ្តាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ ហើយបន្តទៅបុកដើមឈើ១ដើមទៀត បណ្តាលឲ្យបាក់ដួលរាបស្មើដល់ដី ហើយនៅមិនទាន់អស់ល្បឿនក៏ជ្រុលក៏ឡើងខឿនកន្លែងហាងកាហ្វេមួយកន្លែងទៀត បណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល។

ហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចមុខសាលាសុវណ្ណភូមិ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញក្មេងស្រីម្នាក់វ័យប្រហែល១៥ឆ្នាំ ជិះម៉ូតូម៉ាក គុុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1FJ-5981 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសផ្លូវ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1109 បើកបរដោយបុរសម្នាក់និងមានម្នាក់ទៀតរួមដំណើរជាមួយក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿនហើយបំណងបត់ចូលផ្លូវបេតុងច្រកសាលាសុវណ្ណភូមិ ក៏ជ្រុលបុកម៉ូតូបណ្តាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់។

សាក្សីដដែលបានបន្តថា បន្ទាប់ពីបុកម៉ូតូរួចរថយន្តបង្កក៏ជ្រុលបុកដើមឈើមួយដើមទៀតបណ្តាលឲ្យបាក់អស់មួយដើមទៀតបាក់រាបស្មើដល់ដី ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏បន្តទៅឡើងឃឿនហាងកាហ្វេមួយកន្លែងទៀត បណ្តាលឲ្យបុរសម្នាក់ដែលឈរនៅទីនោះរងរបួសស្រាល។

ក្រោយកើតហេតុតៃកុងរថយន្តនិងព្រូបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ ។ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់