ព័ត៌មានជាតិ

ឃាត់ខ្លួនប្រុសស្រី៦នាក់ ដកហូតថ្នាំញៀន១៤កញ្ចប់ធំតូចនិងដាវសាំម៉ូរ៉ៃ១ដើម!

​កំពត: នៅថ្ងៃព្រហស្បតិ៍ ០១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០១ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១០និង២០នាទីព្រឹក កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានស្រុកបន្ទាយមាស ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវចូលរោងចក្រស៊ីម៉ងត៍ខេស៊ីម៉ែន ស្ថិតនៅភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។
ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ទី១ឈ្មោះ វ៉ាន់ សុភ័ណ្ឌ ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិលំទំពូង ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស និងទី២ឈ្មោះ សុខ រ័ត្នមុន្នី ហៅខួច រស់នៅភូមិកន្សោមអក ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស និងដកហូតថ្នាំញៀនបានចំនួន២កញ្ចប់តូច ព្រមទាំងដាវសាំម៉ូរ៉ៃចំនួន២ដើម។

តាមចម្លើយសារភាពជនសង្ស័យខាងលើ សមត្ថកិច្ចបន្តទៅឃាត់ខ្លួនបក្ខពួកជនសង្ស័យ២នាក់ទៀត ទី១ឈ្មោះ ម៉ាន់ សីហា ហៅឈីត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអង្គម្លី ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស និងទី២ឈ្មោះ ប៉ោ ចន្នី ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិព្រៃប្ញស្សី ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស និងដកហូតថ្នាំញៀនបានចំនួន១០កញ្ចប់ (ធំ១ កញ្ចប់ និងតូច៩កញ្ចប់) នៅភូមិកន្សោមអក ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស។
លុះនៅវេលាម៉ោង១២និង៤០នាទី សមត្ថកិច្ចបន្តទៅបង្ក្រាបនៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យទៀត ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ស៊ុប មី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ និងដកហូតបានថ្នាំញៀន១កញ្ចប់ធំ។
នៅម៉ោង២និង៥០នាទីរសៀល សមត្ថកិច្ចបានបន្តទៅបង្ក្រាបនៅភូមិក្រសាំងលើ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ណុប ពិសាល ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ និងដកហូតថ្នាំញៀនបាន១កញ្ចប់តូច រួមនឹងសម្ភារ:សម្រាប់ជក់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់