ព័ត៌មានជាតិ

ចោរអស់លក្ខណ៍! លួចម៉ូតូចេញពីមុខកាសុីណូ JM ម្ចាស់ដេញទាន់ ភ័យពេកដួលម៉ូតូរបួសធ្ងន់ស្ទើរក្ស័យ

ប៉ៃលិន: ជនសង្ស័យម្នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូពីបុរសម្នាក់ ចេញពីមុខកាសុីណូ JM បានសម្រេច​ តែត្រូវជនរងគ្រោះឃើញទាន់ ដេញតាមស្រែកផ្អើល ធ្វើឲ្យជនសង្ស័យភ័យ ដួលម៉ូតូរងរបួសធ្ងន់សន្លប់បាត់ស្មារតីតែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចមុខកាសុីណូ JM ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនសង្ស័យមានឈ្មោះ ចាន់ សារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិ១២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ បួន សារ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

មូលហេតុ គឺដោយសារជនរងគ្រោះបានចូលលេងកាសុីណូ ( លេងហ្គេមបាញ់ត្រី ) ហើយបានទុកសោម៉ូតូនៅលើទូបាញ់ត្រីនោះ។ ក្រោយមក ជនសង្ស័យលួចយកសោម៉ូតូដែលជនរងគ្រោះទុកលើទូបាញ់ត្រីនោះយកទៅជិះម៉ូតូដែលជនរងគ្រោះទុកនៅខាងក្រៅជិះរត់គេចតាមផ្លូវ តែត្រូវបានម្ចាស់ម៉ូតូឃើញទាន់ ក៏ស្រែកឆោឡោដេញតាមរហូតដល់ចំណុចលូដាច់ ភូមិផ្សារព្រំ ជនសង្ស័យក៏ដួលម៉ូតូសន្លប់បាត់ស្មារតី ជាមួយគ្នានោះ កម្លាំងជំនាញក៏ទៅដល់បានបញ្ជូនសង្ស័យទៅមន្ទីរពេទ្យខេត្តប៉ៃលិន។ រីឯម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងកសាងសុំណុំរឿងតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់