ព័ត៌មានជាតិ

Update៖ រថយន្តក្រឡុកសីុម៉ង់ត៍ក្រុមហ៊ុនសម្បត្តិមានហេង បុកមន្ត្រីយោធាទ័ពអាកាសម្នាក់ ស្លាប់ទៀតហើយ!

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ង់ត៍សម្បត្តិមានហេង បានបើកបុកនិងកិនមនុស្សស្លាប់រួចហើយបានទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ត្រង់ចំណុចលូទឹកស្អុយ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ជុំ ជាតិ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាមន្ត្រីយោធាទ័ពអាកាស ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនសម្បតិ្តមានហេង ពណ៌សលាយក្រហម បានបើកពីលិចទៅជើង បោះពួយយ៉ាងលឿន ខណ:មកដល់ចំនុចកើតហេតុខាងលើបានគៀរម៉ូតូឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ 1DD-4552បណ្ដាលខ្ទាតចូលរថយន្ត កិនបែកក្បាលស្លាប់ភ្លាមៗ បាក់ដៃខ្ទេចខាងឆ្វេងចេញឆ្អឹង។ ក្រោយពីដឹងថាកិនមនុស្សស្លាប់ហើយបានបើកទ្វារចុះរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏ទាក់ទងទៅជំនាញមកវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ខាងក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកឯសាកសពសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់