ព័ត៌មានជាតិ

ចិន! បើករថយន្តបុករះហើយបើករត់ ត្រូវប្រជាពលរដ្ឋដេញចាប់បាន ដាក់បែកឈាម!

ភ្នំពេញ: បុរសជាជនជាតិចិនម្នាក់ បើកបររថយន្តមួយគ្រឿង ទៅប៉ះរ៉ឺម៉កកង់បីមួយគ្រឿង រងការខូចខាតបន្តិចបន្តួច ហើយមិនព្រមឈប់ដោះស្រាយ បានព្យាយាមបើករត់គេចទៅ បុកម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ៣៣៦កែងនឹងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាជនជាតិចិនម្នាក់ ស្រវឹងធ្លាក់ភ្នែក បើកបររថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4109 ដោយធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង និងបើករេពេញផ្លូវ។ លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅខាងស្តាំទៅប៉ះនិងម៉ូតូរ៉ឺម៉កកង់បីដឹកបន្លែមួយគ្រឿង ដែលឈប់ចតនៅនិងចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច តែរថយន្តមិនបានឈប់ដើម្បីចុះមកដោះស្រាយគ្នានោះទេគឺបានព្យាយាមបើករត់គេចខ្លួន តែក៏ត្រូវប្រជាពលរដ្ឋបើកដេញតាមពីក្រោយរហូតដល់ចំណុចផ្លូវទល់២៦១ ខាងត្បូងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចម្ងាយ៨០០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងសាឡាង ទើបអាចស្ទាក់ចាប់បាន ហើយពេលនោះរថយន្តបង្កបានព្យាយាមរយ៉ែរថយន្តថយក្រោយទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋដែលបើកដេញតាមពីក្រោយមួយគ្រឿងម៉ាក គុបជ្រុង ពណ៌ខៀវ អត់មានស្លាកលេខ ដែលឈប់ខាងក្រោយរថយន្តបង្កបណ្តាលឲ្យរងខាងខូចខាតបន្តិចបន្តួច ហើយរថយន្តបង្កបានបើករថយន្តព្យាយាមរត់គេចខ្លួនបន្តទៀត ក្នុងទិសដៅពីត្បូងទៅជើង បានប្រមាណ១០០ម៉ែត្រពីកន្លែងនោះ រថយន្តបង្កក៏បានរេចង្កូតទៅខាងឆ្វេងទៅបុកគូទរថយន្តមួយគ្រឿងទៀតម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-3133 ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យធ្លាក់កាងខាងក្រោយ ហើយរថយន្តបង្កនៅតែមិនព្រមឈប់ចុះមកដោះស្រាយ គឺបានបើករត់គេចខ្លួនបន្តទៀតទាំងស្ថានភាពរេពេញផ្លូវហើយក៏ត្រូវប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋានបើកដេញតាមពីក្រោយរហូតដល់ចំណុច ការដ្ឋានកំពុងសាងសងស្ពានអាកាសនៅស្តុបផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រាប់តែរថយន្តបង្កបើកឡើងទៅខាងលើស្ពាននោះទៅបុកនិងបង្កាន់ដៃស្ពានបណ្តាលឲ្យរថយន្តបង្កបែកកង់ទៅមុខលែងរួច។

ភ្លាមៗនោះប្រជាពលរដ្ឋដែលបើកដេញតាមរថយន្តបង្កបានផ្ទុះកំហឹងនិងបាននាំគ្នាយកដុំថ្មវាយទៅលើរថយន្តបង្កបណ្តាលឲ្យបែកកញ្ចក់ខាងមុខនិងខាងក្រោយ និងវាយទៅលើអ្នកបើកបររថយន្តបង្កបណ្តាលឲ្យរងរបួសបែកមុខបែកមាត់ហូរឈាមស្រោចខ្លួន។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងហៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ករួមទាំងម៉ូតូរងគ្រោះនិងរថយន្តរងគ្រោះចំនួន២គ្រឿងទៀតទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

//youtu.be/Zw-sssXHQlQ

មតិយោបល់