ព័ត៌មានជាតិ

លេងសើចជ្រុល! បើកឡានដេញបុកគេហើយ​វាយគេប៉ោងមុខទៀត..

ភ្នំពេញ: បុរសម្នាក់ដែលជាជាងជួសជុលម៉ាស៊ីនត្រជាក់ ត្រូវបានអ្នកជិតខាងចាប់វាយប៉ោងមុខថ្ពុល ផ្តើមចេញពីការលេងសើច ដោយបើកឡានដេញបុកលេង ពេលដែលជនរងគ្រោះភ័យក៏ស្តីបន្ទោសត្រូវបានជនបង្កខឹងទ្រាំលែងបានក៏ចុះមកចាប់វាយតែម្តង។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះដល់ព្រឹកថ្ងៃទី០២ ខែកុម្ភ: នេះទើបជនរងគ្រោះទៅប្តឹងសមត្ថកិច្ចឲ្យជួអន្តរាគមន៏តែម្តង។

ជនរងគ្រោះមានឈ្មោះ ព្រុំ សំអុល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួលលេខ២៤០ ផ្លូវលំកន្លែងកើតហេតុ មានស្រុកកំណើតផ្ទះលេខ១៥៨ ផ្លូវ២១ ភូមិចុងព្រែក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០១ ខែកុម្ភ: ជនដៃដល់ជាអ្នកស្គាល់រាប់អានគ្នា រស់នៅក្នុងភូមិផ្ទះជាប់គ្នា មិនដឹងថា បើកឡានមកពីណានោះទេ ។ លុះមកដល់ផ្ទះហើយឃើញខ្លួនកំពុងឈរមុខផ្ទះ បែរជាបើករថយន្តដេញបុកធ្វើជាល្បែងលេងសើច ទៅវិញម្តងហើយម្តងទៀត។
ដល់ពេលខឹងខ្លួនភ័យផងក៏ស្តីឲ្យរឿងលេងសើចបែបប្រឈមគ្រោះថ្នាក់ពេក បែរជាខឹងចុះមកចាប់វាយ បណ្តាលឲ្យរងរបួស លុះទៅប្រាប់ដល់ឪពុកជនដៃដល់ បែរជាមិនសួរនាំមកគំរាមវាយបន្ថែមទៀត ទើបភ័យខ្លាចរឿងកាន់តែធ្ងន់ធ្ងរ ទើបរត់គេចទៅដេកសម្រាកផ្ទះសាច់ញាតិ លុះមកដល់ព្រឹកថ្ងៃទី០២ ខែកុម្ភ: នេះ ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប១ ដើម្បីឲ្យជួយរកយុត្តិធម៌ជូនខ្លួនផង៕

មតិយោបល់