ព័ត៌មានជាតិ

តុលាការ​កាត់​ទោស នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ម្នាក់​ដែល​ស្រវឹង​ស្រា ដេញបាញ់​សម្លាប់​ពល​​​រដ្ឋ

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ២០១៨​នេះ លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះ​នៃ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ បានបើក​សវនាកា​រ​កាត់​ទោស មន្ត្រី​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ម្នាក់ ពាក់​ព័ន្ធ​ករណី ដក​កាំភ្លើង​ដេញ​បាញ់​សម្លាប់​ពល​រដ្ឋ ស្លូត​ត្រង់ នៅ​សង្កាត់​សំរោង ខណ្ឌព្រែ​ក​ព្នៅ កាល​ពី​ដើម​ឆ្នាំ​២០១៧ ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យកត់​សម្គាល់​នោះ​គឺ លោកស្រី ស៊ឺ វណ្ណនី ជា​តំណាង​អយ្យការ​សវនាការ បាន​ចោ​​ទ​ប្រកាន់លើជនជាប់ចោទឈ្មោះ ទឹម សៅ​សុភ័ក្ត្រ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ប្រធា​ន​ផ្នែក​អត្ត​សញ្ញាណកម្ម នៃអធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ពីបទ បង្កឲ្យមាន​របួសដោយ​អចេ​ត​នា ទៅ​វិញ ដោយបាន​ប្រព្រឹត្ត​កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ២០១៧ នៅចំណុច​ក្បែរ​ប៉ុស្តិ៍​នគរបាល​សង្កាត់​សំរោង ផ្លូវ ១៥១ ភូមិសំ​រោ​ង​ត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ យោង​តាម​មាត្រា ២៣៦ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​។

នៅក្នុងសវនាការ នាព្រឹកនេះ លោកចៅក្រម និង​តំណាងអយ្យការ បានបើកសវនាការ ដោ​យ​គ្មាន​វត្ត​មាន​ជន​ជាប់​ចោទ​នោះ​ទេ ពោលគឺ​មាន​តែ​មេធាវី ការពារសិទ្ធិ​មក​ជា​តំណាង​តែ​ប៉ុណ្ណោះ ។ បន្ថែម​លើ​នេះ​លោក​ចៅក្រម និង​លោក​ស្រី តំណាងអយ្យការ បានសួរជន​រង​គ្រោះ​ថា «ខ្លួន​មិន​មាន​រង​របួស​អ្វី​ផង ហេតុ​អ្វី​ក៏​ប្តឹង​ជន​ជា​ប់​ចោទ​?»

ជនរងគ្រោះ​បាន​ឆ្លើយ​ថា «ខ្លួនគ្មាន​រងរបួស​មែ​ន ហើយ​ខ្លួន​ក៏​មិន​បាន​ប្តឹង​ជន​ជាប់​ចោទ ពីបទ បង្ក​របួស​ស្នាម​ដែរ តែ​ខ្លួន​ប្តឹង​ពីបទ ប៉ុនប៉ង​មនុ​ស្ស​ឃាត ព្រោះ​អង្គ​ហេតុ​ដែល​កើត​ឡើង គឺជន​ជាប់​ចោទ បានដកកាំភ្លើងដេញបាញ់ខ្លួន ស​ម្លា​ប់​ចោល តែបាញ់មិនត្រូវ និងសម្លាប់ មិន​បាន​ដោយ​សារ​មាន​នគរបាល និងប្រជាជន​ជួយ​ចាប់​ជន​ជាប់​ចោទ រហូតដល់ត្រូវ​របួស​ម​ន្ត្រី​នគរបាល​ម្នាក់​ថែម​ទៀត​ផង»

ជន​រងគ្រោះ​បន្ថែម​ថា ដូច្នេះ សូមលោក​ចៅ​ក្រ​ម និង​លោកស្រី តំណាងអយ្យការ ពិនិត្យ​មើ​ល​អង្គហេតុ ឲ្យបានច្បាស់លាស់ មុនពេល​ស​ម្រេ​ចសេចក្តី ។ជនរងគ្រោះ ឈ្មោះ ញឹម សុគា បានបញ្ជាក់ថា នៅថ្ងៃកើត​ហេតុខ្លួនបាន​ជិះ​ឡា​ន​ម៉ាក​បាឡែន ទៅ​មើល​ស្រះត្រី​ក្បែរ​កន្លែង​កើ​តហេតុ ។

ក្រោយមក ខ្លួនបានចូល​ទៅមើលគោ​នៅ​ជាប់​ប៉ុស្តិ៍រដ្ឋបាលសង្កាត់សំរោង ពេលនោះ​មាន​ឈ្មោះ រ៉ា ភារុណ ជានគរបាល​ប៉ុស្តិ៍សង្កាត់​សំរោង បានហៅ​ទៅ​ផឹក​នៅ​ក្នុង​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​សំរោង ។ ពេលខ្លួនចូលទៅផឹកក៏ជួប នឹងជនជាប់ចោទ ឈ្មោះ ទឹម សៅសុភ័ក្ត្រ ដែលជាមនុស្សធ្លាប់មានទំនាស់កាលពីមុន ក្នុងងរឿងទិញលក់ត្រី ។ ក្រោយពីខ្លួនបាន​ផឹ​ក​អ​ស់ស្រាបៀរក្រោន អស់​មួយ​កំប៉ុង ខ្លួន​សុំ​ទៅ​ផ្ទះ​មុន ស្រាប់​តែ​ជន​ជាប់ចោទ បាននិយាយ​ឌឺ​ដង​ថា «គេ​មិន​ចង់​ផឹក​ជា​មួយ​យើង​ទេ ព្រោះ​យើង​អ្នក​ក្រ» ខ្លួនក៏បតវិញ ខ្ញុំមិនមែនជា​អ្នក​មាន​អី​ទេ តែ​ខ្លួន​ជាប់​រវល់ ចឹងហើយ​​សុំ​ទៅ​ផ្ទះ​មុន ពេល​នោះ​ជន​ជាប់​ចោទ​ឈ្មោះ ទឹម សៅ​​សុភ័ក្ត្រ បានខឹង និងយកកែវស្រា និងកូន​ចាន​ចង្គឹះ គប់សំដៅលើខ្លួន ប៉ុន្តែខ្លួនគេចផុត។

ដោយជនជាប់ចោទ ខឹងខ្លាំង​ពេក​ក៏ស្រែក​គំរា​ម​បាញ់​សម្លាប់ ជន​រងគ្រោះ ទើបជនរងគ្រោះ​បាន​ចាក​ចេញ​ពី​កន្លែងកើតហេតុ ពេលនោះ​ជ​ន​ជាប់ចោទបាន ជិះឡាន ម៉ាក ព្រូស ពណ៌ស ទៅ​តាម​បាញ់​សម្លាប់​ជនរងគ្រោះ ប៉ុន្តែត្រូវ​ស​មត្ថ​កិច្ច និងប្រជាជន​ជួយ​ចាប់ ទើប​ជន​ជាប់​ចោទ បានបាញ់ ជនរងគ្រោះ​ចំនួន ៤គ្រាប់ មិន​ត្រូវ ប៉ុន្តែត្រូវចំកំភួនជើង នគរបាល​ប៉ុស្តិ៍​សង្កា​ត់សំរោងម្នាក់ឈ្មោះ ទឹម វណ្ណថេត ដួល​នៅ​នឹង​កន្លែង នៅពេលចូលទៅ​ឃាត់​ជន​ជាប់​ចោទ​កុំ​ឲ្យបាញ់ ។

ក្រោយកើតហេតុជនរងគ្រោះបាន ទៅដាក់​ពាក្យ​បណ្ដឹង​នៅ ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​សំរោង ប៉ុន្តែគ្មានដំណោះស្រាយអ្វីសោះ ទើបខ្លួន​បាន​​សម្រេចចិត្តដាក់ពាក្យប្តឹង ជនជាប់ចោទ ពីបទ ប៉ុនប៉ងឃាតកម្ម នៅតុលាការនៅថ្ងៃទី៣១ ខែ​មករា ឆ្នាំ២០១៧ ដើម្បីឲ្យជួយរកយុត្តិធម៌។

ដោយឡែកលោក លឹម សំអឿន ជាមេធាវី​ការ​ពារ​សិទ្ធិឲ្យជនរងគ្រោះ​បានសំណូម​ព​រឲ្យ​តុ​លា​ការ ពិចារណា កែប្រែបទ ចោទលើជន​ជាប់​ចោ​ទ​ពីបទ បង្កឲ្យមានរបួសស្នាមដោយអចេតនា ទៅជាបទ ប៉ុនប៉ងឃាតកម្ម វិញព្រោះរឿងនេះ ជនជាប់ចោទ មានចេតនា បាញ់សម្លាញ់កូន​ក្តី​របស់លោក ប៉ុន្តែបាញ់សម្លាប់មិនបាន ដោយ​សារ​មាន សមត្ថកិច្ច និងប្រជាជនជួយចាប់ ។

លោកមេធាវី ក៏បានសំណូមពរ​ឲ្យតុលាការ​​ចេ​ញ​ដី​កា ចាប់ខ្លួនជនជាប់​ចោទយក​ទៅ​ដាក់​ព​ន្ធនាគារ ឲ្យសម​នឹង​អំពើ​ដែល​រូបគេ​បាន​ប្រ​ព្រឹ​ត្ត ។ ទោះ​យ៉ាង​ណា សំណុំ​រឿង​នេះ​ត្រូវ​លោក កោ វណ្ឌី លើក​ពេលទៅប្រកាស​សាលក្រម​នៅ​ព្រឹ​ក​ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ខាងមុខ៕

មតិយោបល់