ព័ត៌មានជាតិ

ទ្រង់ទ្រាយធំ! ទីតាំងលក់កន្ទុយលេខ៤កន្លែង ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនបានជិត២០នាក់!

បាត់ដំបង: កាលពីថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៨ សមត្ថកិច្ចចម្រុះជាច្រើននាក់ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងលក់កន្ទុយលេខចំនួន ៤ទីតាំង ឃាត់ខ្លួនបានជនសង្ស័យចំនួន១៨នាក់ជាបន្តបន្ទាប់ នៅក្នុងស្រុកភ្នំព្រឹក និងស្រុកកម្រៀង នៃខេត្តបាត់ដំបង។

ការបង្ក្រាបនេះ គឺអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិដឹកនាំជាប់ជាប្រចាំរបស់ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ លោកវរសេនីយ៍ត្រី ឈឿង គឹមសុង នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងជាប្រធានក្រុមបង្កា បង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំង ចុះបង្រ្កាបទីតាំងប្រព្រឹត្តិល្បែងស៊ីសងកន្ទុយលេខ(ឆ្នោត)បានចំនួន៤កន្លែង ក្នុងមូលដ្ឋានស្រុកភ្នំព្រឹក និងស្រុកកម្រៀង ដោយធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិបានចំនួន១៨នាក់ ព្រមទាំងដកហូតបានសម្ភារ:ភស្តុតាងមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យជា អ្នកប្រព្រឹត្តិ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់បន្តទៀត ៕

មតិយោបល់