ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង សាកកម្លាំងជាមួយរថយន្តឡិចស៉ីស ខ្ទេចទាំង៣គ្រឿង!

ភ្នំពេញ: បុរសពីរនាក់បើកបរម៉ូតូ២គ្រឿង បោះពួយយ៉ាងលឿនដូចហោះ ដោយខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿង បណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវឧកញ្ញាម៉ុងឬទ្ធី កែងនឹងផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ឡិចស៉ីស RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-8267 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងកាត់ផ្លូវឧកញ្ញាម៉ុងឬទ្ធីដោយខ្វះប្រុងប្រយ័ត្ន ខណ:ពេលនោះ ស្រាប់តែមានម៉ូតូ២គ្រឿង ១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1G-3305 បើកបរដោយបុរសម្នាក់ និងម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-5569 បើកបរដោយបុរសម្នាក់។ ហើយដោយម៉ូតូទាំង២គ្រឿង ជិះបណ្តើរគ្នា តាមបណ្តោយផ្លូវឧកញ្ញាម៉ុងឬទ្ធី ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តខាងលើចំទ្វារខាងក្រោយចំហៀងស្តាំ បណ្តាលឲ្យក្រពឹតនិងបែកកញ្ចក់ ចំណែកឯម៉ូតូឌ្រីមស៊េរី០១៤ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ រីឯអ្នកបើកបររងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន។ ចំណែកឯម៉ូតូឌ្រីម០១៣រងការខូចខាតវាចកង់ខាងមុខ រីឯអ្នកបើកបររងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទាំង២យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់