Post News Media ព័ត៌មានជាតិ រន្ធត់! ម៉ូតូ...

រន្ធត់! ម៉ូតូធំR6 បើកលឿនខ្លាំងទៅបុករថយន្តLexus GX-47 ស្លាកលេខ ភ្នំពេញ 2N-8207 ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ត កាលពីវេលាម៉ោង ២និង១០នាទី រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងជើងសណ្ឋាគារសុខា ស្ថិតតាមផ្លូវទន្លេសាប ត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងហេតុបានឲ្យដឹងថា​ ជនរងគ្រោះទាំង២នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ ដោយជិះម៉ូតូធំ ម៉ាក YAMAHA R6 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FO-8588 ។ រីឯភាគីរថយន្តម៉ាក Lexus GX-470 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N-8207 បើកបរដោយ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ ភាគីម៉ូតូជិះតាមបណ្តោយផ្លូវទន្លេសាប ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន​ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត Lexus មួយគ្រឿងបើកថយក្រោយ ក៏ជ្រុលទៅបុកចំទ្វាររថយន្តឆ្វេងខាងក្រោយពេញទំហឹង បណ្ដាលឲ្យផ្ទុះពោងសុវត្ថិភាពទាំងអស់ក្នុងរថយន្ត និងអ្នកបើកម៉ូតូបោកក្បាលផ្ទប់និងរថយន្តពេញទំហឹងបែកក្បាលស្លាប់នៅនឹងកន្លែងភ្លាមៗ។ ចំណែកអ្នកជិះពីក្រោយបានផ្លោងបុកជាប់កញ្ចក់រថយន្ត រងរបួសធ្ងន់​ធ្ងរខ្លាំង ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ។ ភ្លាមៗនោះម្ចាស់រថយន្តបានបើកទ្វារចេញមកក្រៅ ហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយកើតហេតុរថយន្ដ​សាមុយបានមកដឹកយកជនរងគ្រោះនិងសពអ្នករងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះនិងរងចាំទាក់ទងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញចុះវាស់វែង និងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕

Loading...