Post News Media ព័ត៌មានជាតិ ការិយាល័យព្រហ...

ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ចេញលិខិតបដិសេធ រឿងស្ត្រីម្នាក់ ប្ដឹងចោទប្រកាន់ថា ស៊ីដាច់ម៉ូតូ!

ភ្នំពេញ: ក្រោយពីមានការចុះផ្សាយនៅតាមបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន និងបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធករណី ស្ត្រីម្នាក់ឈ្មោះ ឆាយ ម៉ីជូ អាយុ ២១ឆ្នាំ អះអាងថាខ្លួនជាម្ចាស់ម៉ូតូ ម៉ាក XR បានប្តឹង លោក ប៊ុន សត្យា ហៅទិវា០១ ជាប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថា លួចម៉ូតូវត្ថុតាងបទល្មើស ដែលនាងបានឲ្យប្អូនប្រុសជិះទៅធ្វើសកម្មភាពឆក់ទូរសព្ទនោះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ចេញលិខិតបដិសេធ និងច្រានចោលព័ត៌មាននេះ និងបានចេញលិខិតបំភ្លឺនៅរសៀលថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៨នេះភ្លាមៗតែម្តង។

លិខិតនេះបានបញ្ជាក់ថា ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើលិខិតជាផ្លូវការមួយ គោរពស្នើសុំ លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុញ្ញាតខ្ចីយកម៉ូតូ XR ពណ៌ស-ខ្មៅ សេរី ឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ 1GO-2191 ជាវត្ថុតាង ដែលសមត្ថកិច្ចដកហូតពីជនជាប់ចោទ លី សុវណ្ណា ហៅ សៀវ សុវណ្ណា ទុកប្រើប្រាស់ជាបណ្តោះអាសន្ន បម្រើឲ្យការបង្ក្រាបបទល្មើសនានាសិន ទំរាំតុលាការមានសេចក្តីសម្រេចថ្មីពាក់ព័ន្ធនឹងម៉ូតូជាមធ្យោយបាយឆក់នេះ។

លោក សៀង សុខ ជាតំណាងអយ្យការបាន អនុញ្ញាតតាម ការស្នើសុំនោះ ទើបសមត្ថកិច្ចហ៊ានប្រើប្រាស់ មិនមែនសមត្ថកិច្ច លួចម៉ូតូជាវត្ថុតាង ដូចជាការចោទប្រកាន់របស់ស្ត្រីឈ្មោះ ឆាយ ម៉ីជូ នោះទេ។

បន្ថែមលើនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្នើសុំឲ្យស្ថានប័ន តុលាការ បើកការស៊ើបអង្កេត លើឈ្មោះ ឆាយ ម៊ីជូ ពាក់ព័ន្ធនឹងករណី សមគំនិត និង ផ្តល់មធ្យោបាយ ជាម៉ូតូនោះឲ្យជនជាប់ចោទឈ្មោះ លី សុវណ្ណា ហៅសៀវ សុវណ្ណា ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋផងដែរ។

លោក ប៊ុន សត្យា បានថ្លែងប្រាប់ថា ម៉ូតូជាវត្ថុតាងនោះ ត្រូវបាន ឈ្មោះ ឆាយ ម៉ីជូ អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣អា ផ្លូវលេខ៥១៦ ក្នុងភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានពឹងបុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថ ឲ្យជួយរត់ការ ទៅសុំពីកូនចៅលោក ប៉ុន្តែលោកមិនព្រមប្រគល់ឱ្យ ព្រោះម៉ូតូជាវត្ថុតាងដែលជនល្មើសប្រើដើម្បី ជិះធ្វើសកម្មភាពឆក់ ដូច្នេះត្រូវរង់ចាំចំណាត់ការរបស់តុលាការសិន។

សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ លី សុវណ្ណា ហៅសៀវ សុវណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ តាមដីកាបង្គាប់ឲ្យឃុំខ្លួនចំនួន២ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ របស់លោកស្រីថ្លាង ផាណែត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនជាប់ចោទ បានឆ្លើយសារភាពថា កន្លងមករូបគេបានធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន៥លើក ដោយ៖

-ករណីទី១ ឆក់ទូរសព្ទដៃម៉ាក Samsung GalaxyNote5 ពណ៌ខ្មៅ កាលពីថ្ងៃទី០៣-១២-២០១៧ វេលាម៉ោងប្រហែល១៩នាទី នៅចំណុចមុខផ្ទះលេខ៩១ ផ្លូវលេខ១០៥ ក្រុមទី៣៣ ភូមិ៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

-ករណីទី២ ឆក់ទូរសព្ទដៃម៉ាក IPhone8 Pluse មិនបានសម្រេច កាលពីថ្ងៃទី១៦-១២-២០១៧ វេលាម៉ោងប្រហែល២១៖៣០នាទី នៅចំណុចខាងត្បូងវិទ្យាល័យព្រះយុគន្ធរ ផ្លូវលេខ៩៣ ក្រុម១០ ភូមិ១ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

-ករណីទី៣ ឆក់ទូរសព្ទដៃម៉ាក IPhone6 Pluse កាលពីថ្ងៃទី២០-១០-២០១៧ វេលាម៉ោងប្រហែល២១៖៣០នាទី នៅចំណុចមុខក្រុមហ៊ុនឃីវេ ផ្លូវព្រះមុន្នីវង្ស ភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

-ករណីទី៤ ឆក់ទូរស័ព្ទដៃម៉ាកSamSungS7H កាលពីថ្ងៃទី០៧-០៩-២០១៧ វេលាម៉ោងប្រហែល២០នាទី នៅចំណុចមុខស្ថានទូអាល្លឺម៉ង់ ផ្លូវលេខ២១៤ ក្រុម៦ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

-ករណីទី៥ ឆក់ទូរស័ព្ទដៃម៉ាក IPhone7Pluse កាលពីថ្ងៃទី០៧-១០-២០១៧ វេលាម៉ោងប្រហែល១៨នាទី នៅចំណុចក្បែស្ថានីយ៍ប្រេងកាល់តិច ផ្លូវលេខព្រះមុន្នីវង្ស ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

Loading...