ព័ត៌មានជាតិ

បែកកង់ ក្រឡាប់រថយន្តដេកផ្លែចេក ស្លាប់ថៅកែជនជាតិវៀតណាម យ៉ាងរន្ធត់..

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយមានរថយន្តដឹកផ្លែចេកមួយគ្រឿង បានបែកកង់ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យថៅកែជនជាតិវៀតណាមម្នាក់ស្លាប់ និង២នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧៦-៧៧ ក្នុងភូមិចម្ការដៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

មុនពេលកើតហេតុ គេឃើញ រថយន្តដឹកចេកពេញក្នុងរថយន្ត១​មួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2V-0284 បើកបរដោយឈ្មោះ សាំង ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកបើកបររថយន្ត នៅភូមិច្រែស ឃុំបឹងសាឡាងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសស្រាល) មានអ្នករួមដំណើរជាមួយចំនួន២នាក់ ទី១.ឈ្មោះ ចៅ វេន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រូឡាន នៅភូមិកំពូលមាស ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (មិនរងរបួសអ្វីឡើយ) និងទី២. ឈ្មោះ លឹម វឹងអៅ ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរជាថៅកែចេក នៅភូមិសាសៀ ឃុំមីឌឹក ស្រុកហាទៀង ខេត្តទៀងយ៉ាង ប្រទេសវៀតណាម ជាប់ព្រំដែនកម្ពុជា-វៀតណាម (បានស្លាប់នៅកៀបជាប់នឹងរថយន្ត) ដែលបើកបរមកពីទិសខាងត្បូង លុះបើកបរមកដល់ចំណុចខាងលើបានបែកកង់ក្រោយពីខាងឆ្វេងរួចរេចង្កូតក្រឡាប់ធ្លាក់ទៅលើចិញ្ចើមផ្លូវពីខាងលិច បណ្តាលឲ្យបាក់បង្គោលចំណាំងសុវត្ថិភាពនៅពីខាងលិចផ្លូវចំនួន៤បង្គោល និងខូចខាតផ្លាកគណ:បក្សចំនួន១ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះមកដល់ ធ្វើការវាស់វែង ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់បន្តទៀត។ ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់